ផ្លូវជាតិលេខ៤១ បានចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ជាពិសេសជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤

ភ្នំពេញ ៖ ផ្លូវជាតិលេខ៤១ បានចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ជាពិសេសបានចំណែកជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤មួយកម្រិត និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥កន្លងមក។

ក្រសួងសាធារណការ បានបញ្ជាក់ថា ផ្លូវជាតិលេខ៤១ តភ្ជាប់ជាមួយផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងតភ្ជាប់ជាមួយខ្សែផ្លូវផ្សេងៗនៅក្នុងតំបន់នេះ ក្នុងទិសដៅឆ្ពោះទៅកាន់ខេត្តកំពត ជាពិសេសតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្ទ តំបន់ទេសចរណ៍ឆ្នេរសមុទ្ទធម្មជាតិ តំបន់កោះ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រដ៏ស្រស់ស្អាត មានភាពទាក់ទាញបំផុតរួមទាំងឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម។

ក្រសួងបន្ថែមថា ផ្លូវជាតិលេខ៤១ មានប្រវែងសរុបចំនួន៩៥,២៦គីឡូម៉ែត្រត្រូវបានស្ដារ និងលើកកម្រិតគុណភាព ជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ AC មានកម្រាស់៥សង់ទីម៉ែត្រ ទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់អស់៦៧លានដុល្លារ៕