បុគ្គលិកដែលបម្រើការងារ នៅរីសត Wonderland ជាង១០០នាក់ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩

ដោយមានការរកឃើញ នូវការឆ្លងជំងឺកូវីដ១៩សារជាថ្មី ជាបន្តបន្ទាប់ និងដោយមានការអំពាវនាវ របស់ក្រសួងសុខាភិបាល ស្តីពីការជំរុញការចាក់វ៉ាក់សាំងការពារផងនោះ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនរីសត Wonderland Suites & Resort បានរៀបចំក្រុមការងារ សហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាព ឃុំជើងគោ ស្រុកព្រៃនប់ ចុះចាក់វ៉ាក់សាំង ដល់បុគ្គលិកដែលបម្រើការងារ នៅរីសតវ៉នដឺឡេន សរុបចំនួន ១១០នាក់ ក្នុងនោះបុគ្គលិកជានារី ២៨នាក់។

តាមគោលបំណងរបស់ អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុនរីសតនេះ បញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ មិនត្រឹមតែជួយការពារសុខមាលភាពបុគ្គលិករបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់នូវភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍នៅក្នុងស្រុកព្រៃនប់ផងដែរ។

រីសត Wonderland Suites & Resort មានទីតាំងស្ថិតនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ វ៉នដឺឡេនត្រូវបានគេស្គាល់ថាជារីសតដ៏ប្រណិតមួយនៅក្នុងស្រុកព្រៃនប់ មានផ្ទះវីឡាភ្ញៀវសរុប ២៧ផ្ទះវីឡា ដែលមានអាងទឹកឯកជននៅតាមវីឡានីយមួយៗ មានតម្លៃមួយផ្ទះ ១៦៥ដុល្លា និង ២៧៥ដុល្លា ក្នុងមួយយប់ និងផ្ទះបឹងហ្គាឡូចំនួន ៣០ផ្ទះ។

ក្រៅពីសេវាកម្មស្នាក់នៅប្រណិត រីសតនេះមានបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មអូប័រម៉ូតូទឹក ទូកឈើជិះកម្សាន្តតាមព្រែក សេវាម៉ូតូកង់បួន ឡានOff Road អាងទឹកធំ និងសួនសត្វសេក ជាដើម។

គួរដឹងផងដែរថា អ្នកឧកញ៉ា ទៀ វិចិត្រ ដែលជាអ្នកជំនួញដ៌មានប្រជាប្រិយភាពក្នុងខេត្តព្រះសីហនុ ក្រៅពីម្ចាស់ក្រុមហ៊ុនរីសតWonderland គាត់ក៏មានរីសតMafiya’s Resort Cambodiaនៅលើកោះរ៉ុង ជាម្ចាស់ក្រុមហ៊ុនអូប័រល្បឿនលឿន GTVC Speedboat ភោជនីយដ្ឋាន ហាងកាហ្វេ ហ្គារ៉ាស់សាំង និងមុខជំនួញផ្សេងៗទៀតជាច្រើនក្នុងខេត្តព្រះសីហនុ។