ជាលើកទី១៧ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះសួរសុខទុក្ខ កុមារកំព្រា-ក្រីក្រ នៅអង្គការការអភិវឌ្ឍកុមារកម្ពុជា

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ជាលើកទី១៧ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ គ.ស.ម.ក. បានចុះទៅសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកា គ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងនាំគ្រូពេទ្យស្ម័គ្រចិត្តចំនួន១៥នាក់ ដើម្បីមកពិនិត្យសុខភាពមាត់ធ្មេញជូនដល់កុមារចំនួន ៤៧នាក់ ស្រីចំនួន ២០នាក់ ដែលកំពុងស្នាក់នៅអង្គការការអភិវឌ្ឍកុមារកម្ពុជា ដែលស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ថវិកាយកទៅប្រគល់ជូននេះ បានមកពីសប្បុរសជនដែលបានចូលរួមឧបត្ថម្ភដល់ការងារមនុស្សធម៌របស់ គ.ស.ម.ក.។ សូមបញ្ជាក់ផងដែរថា ក្នុងចំណោមកុមារដែលរស់នៅក្នុងអង្គការនេះ មានកុមារមួយចំនួន ដែល គ.ស.ម.ក. បានសម្របសម្រួលយកចេញពីពន្ធនាគារ និងមណ្ឌលអប់រំកែប្រែដោយមានការឯកភាពពីម្ដាយរបស់ពួកគេដែលជាជនជាប់ឃុំ ដើម្បីឱ្យពួកគេមានលទ្ធភាពទទួលបានសិទ្ធិជាមូលដ្ឋានរបស់ខ្លួនដូចកុមារផ្សេងៗទៀតដែរ។
ការចុះមកសួរសុខទុក្ខនេះ គឺជាការរួមចំណែកមួយក្នុងការជួយសម្រាលបន្ទុករបស់អង្គការ និងជួយធានាកុមារ ដែលរស់នៅទីនោះមានឱកាសកាន់តែល្អប្រសើរឡើងក្នុងការទទួលបាននូវសិទ្ធិសេរីភាពជាមូលដ្ឋានប្រកបដោយសមភាព និងសមធម៌ ជាពិសេស សិទ្ធិសុខភាព និងសិទ្ធិទទួលបានការអប់រំ ព្រមទាំងជៀសផុតពីអំពើបៀតបៀន និងអំពើហិង្សានានាគ្រប់ទម្រង់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែបើកនិងផ្ដល់ឱកាសឱ្យប្រជាជនទាំងអស់ ក្នុងការកសាងនិងអភិវឌ្ឍន៍ខ្លួនដោយស្មើៗគ្នានិងដោយគ្មានការរើសអើង ដែលសកម្មភាពនេះគឺជាការបំពេញនូវក្ដីសង្ឃឹម និងបំណងប្រថ្នារបស់រាជរដ្ឋាភិបាល ដែលដឹកនាំតាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកានោះទេ។ កុមារគឺជាធនធានដ៏មានតម្លៃបំផុតរបស់សង្គមជាតិ និងពិភពលោក ព្រមទាំងជាក្តីសង្ឃឹមធំបំផុត និងជាពន្លឺដ៏សំខាន់សម្រាប់អនាគត និងមនុស្សជាតិ។
លោកស្រី ឈូក សីហា ប្រធានអង្គការការអភិវឌ្ឍកុមារកម្ពុជាបានមានប្រសាសន៍ថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី គឺជាកុលបុត្រ និងជាថ្នាក់ដឹកនាំគំរូមួយរូបដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋក្រីក្រ សិស្ស និស្សិត ខ្វះខាតជួបការលំបាក ពិសេសដល់កុមារកំព្រា-ក្រីក្រ ដែលនៅចំពោះមុខនេះ កុមារក្នុងអង្គការកំពុងត្រូវការការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជាការជួយឧបត្ថម្ភពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី។ នេះគឺជាកាយវិកាដ៏ល្អប្រពៃរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានធ្វើកន្លងមក បានគូសបញ្ជាក់ឱ្យឃើញពីសន្តានចិត្តអាណិតអាសូរ ស្រឡាញ់ និងយកចិត្តទុកដាក់ជួយដោះស្រាយជីវភាពប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងឱកាសនោះដែរ ក្រៅពីការសួរសុខទុក្ខ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្ដាំផ្ញើឱ្យកូនៗទាំងអស់ត្រូវចេះស្ដាប់ដំបូន្មាន ចេះថែទាំសុខភាព និងខិតខំសិក្សារៀនសូត្រ ដើម្បីរៀបចំដំណើរជីវិតរបស់ខ្លួនឱ្យបានល្អប្រសើរ និងក្លាយជាពលរដ្ឋល្អក្នុងសង្គម។ បន្ថែមលើនេះ ឯកឧត្តម ក៏បានស្នើឱ្យគណៈគ្រប់គ្រងនិងបុគ្គលិកនៅក្នុងអង្គការបន្ដយកចិត្តទុកដាក់ថែទាំកុមារទាំងអស់ឱ្យបានល្អ និងត្រូវជៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្ស ដែលជាសសរស្ដម្ភនៃការកសាងនិងអភិវឌ្ឍន៍ជាតិ។
ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីថា នឹងបន្ដខិតខំស្វះស្វែងកៀរគរប្រមូលមូលនិធិពីសប្បុរសជននានា ដើម្បីបន្តជួយដល់អង្គការ និងបានអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់អង្គការ ដែលជាកាយវិការមួយបង្ហាញនូវវប្បធម៌ចែករំលែក ស្មារតីមនុស្សធម៌ និងការលើកកម្ពស់សិទ្ធិកុមារ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់ និងមានជំនឿយ៉ាងមុតមាំថា ថា្នក់ដឹកនាំ និងសប្បុរសជនទាំងអស់ នឹងបន្ដគាំទ្រនិងគាំទ្រកាន់តែខ្លាំងឡើង ក្នុងករណី គ.ស.ម.ក. រៀបចំកម្មវិធីសប្បុរសធម៌ផ្សេងៗទៀតនាពេលខាងមុខ ដើម្បីប្រមូលថវិកាជួយដល់ សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ មន្ទីរពេទ្យគន្ធបុប្ផា អង្គការមនុស្សចាស់ និងអង្គការកុមារកំព្រា-ក្រីក្រ ជាដើម៕