ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់អោយប្រើប្រាស់ គ្លីនិក SD Dialysis នៅមន្ទីពហុព្យាបាល និងសម្ភព គុណម្ដាយ ដែលការផ្តល់សេវាថែទាំ ធ្វើរោគ វិនិច្ឆ័យ និងព្យាបាលជំងឺ,

(ភ្នំពេញ)៖ ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ គ្លីនិក SD Dialysis Clinic នៅមន្ទីពហុព្យាបាល និងសម្ភព គុណម្ដាយ ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ឯកឧត្តម សុខ ប្រសិទ្ធិ បានគូសបញ្ជាក់ថា ការសម្ពោធ គ្លីនិក SD Dialysis នាឱកាសនេះ
បានបង្ហាញពីការចូលរួមចំណែកក្នុងការលើស្ទួយវិស័យសុខាភិបាល ដែលត្រូវបានបង្កើតឡើងដោយការវិនិយោគឯកជន ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ឈានទៅសម្រេចបាននូវការ គ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាល ក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធសំណង់ និងការបំពាក់សម្ភារៈ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើបទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ជាអគារពហុមុខងារសម្រាប់ការផ្តល់សេវាថែទាំ ធ្វើរោគ វិនិច្ឆ័យ និងព្យាបាលជំងឺ។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា ការវិនិយោគលើវិស័យសុខាភិបាល គឺជាគន្លឹះដ៏សំខាន់មួយសម្រាប់ការ អភិវឌ្ឍន៍ប្រទេស ដោយសារប្រជាជនមានសុខភាពល្អ គឺជាមូលដ្ឋានគ្រឹះដ៏ សំខាន់នៃកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយ ចីរភាព៕