កងទ័ពជួរមុខឈរជើងការពារនៅតំបន់ព្រះវិហារ ទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិការបស់អ្នកឧកញ៉ា ទៀ វិចិត្រ

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ បាននាំយកអំណោយ មានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា និងថវិការបស់សប្បុរជនដែលចូលរួមតាមរយៈអ្នកឧកញ៉ា ទៅឧបត្ថម្ភជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារ ក្នុងនោះក្រៅពីសម្ភារៈ គ្រឿងឧបភោគបរិភោគ មានថវិកាសរុបចំនួនជាង ២៣៤លានរៀល។
ជំនួយនេះ ត្រូវបានអញ្ជើញទទួលផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមកងកម្លាំងកងទ័ព នាយទាហាន នាយទាហានរង និងពលទាហាននៅព្រំដែនជួរមុខបានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគជាថវិកា ជាគ្រឿងឧបភោគបរិភោគ ជាសម្ភារៈប្រើប្រាស់ នាំយកមកជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារនាពេលនេះ ដែលជាស្មារតីស្នេហាជាតិរួមគ្នារវាងប្រជាពលរដ្ឋនិងកងទព័ការពារជាតិ។
តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាននិងកងកម្លាំងនៅព្រំដែនជួរមុខទាំងអស់ មានសុខភាពល្អនិងទទួលបានជោគជយ័គ្រប់ភារកិច្ច។ អ្នកឧកញ៉ា ទៀ វិចិត្រមានប្រសាសន៍បន្ថែមថា ក្នុងនាមពលរដ្ឋដែលនៅខាងក្រោយ គឺមានជំនឿយ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី មាតុភូមិកម្ពុជា និងគាំទ្រនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ។
សូមជម្រាបថា អ្នកឧកញ៉ា ទៀ វិចិត្រ គឺជាអ្នកជំនួញដ៏លេចធ្លោមួយរូបក្នុងខេត្តព្រះសីហនុ ហើយត្រូវបានគេស្គាល់ថាជាឧកញ៉ាចិត្តធម៌ដ៏មានប្រជាប្រិយភាពផងដែរ។ គាត់ជាអគ្គនាយកក្រុមហ៊ុនGTVC Import Export Co., Ltd. ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួន ដូចជា ក្រុមហ៊ុនអូប័រល្បឿនលឿន GTVC Speedboat Cambodia ក្រុមហ៊ុនរីសត Mafiya’s Resort Cambodia ក្រុមហ៊ុនរីសតWonderland គាត់មានភោជនីយដ្ឋាន ហាងកាហ្វេ ហ្គារ៉ាស់សាំង និងមុខជំនួញផ្សេងៗទៀតជាច្រើនក្នុងខេត្តព្រះសីហនុ។