ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ដឹកនាំគណ:ប្រតិភូកម្ពុជា ចូលរួមកម្មវិធីបើកសន្និសីទលើកទី ៨ នៃវេទិកាពិភពលោក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស

(ទីក្រុងហ្សឺណែវ ប្រទេសស្វីស): ដោយមានការអនុញ្ញាតិសិទ្ធពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំគណ:ប្រតិភូចូលរួមកម្មវិធីបើកសន្និសីទលើកទី ៨ នៃវេទិកាពិភពលោក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សូមជម្រាបជូនថា កម្មវិធីនេះត្រូវបានរៀបចំដោយលេខាធិការដ្ឋានសហប្រជាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងរដ្ឋាភិបាលស្វីស ដែលមាការចូលរួម ពីថ្នាក់ដឹកនាំពិភពលោក និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការបង្កើនសមត្ថភាពធន់នឹងគ្រោះ មហន្តរាយ ក្រោមប្រធានបទ “ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ធ្វើឱ្យមានសមត្ថភាពធន់ នឹងគ្រោះមហន្តរាយថ្ងៃនេះ”។
ការបើកសន្និសិទ្ធនេះ បានផ្តោតលើចំណុចសំខាន់ៗ ដូចជា ការពង្រឹងយុទ្ធសាស្ត្រ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅទូទាំងពិភពលោក លើការកែលម្អប្រព័ន្ធព្រមានមុនកើតហានិភ័យ ដើម្បីធានាលើការឆ្លើយតបទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ។ ក្រៅពីនេះ ក៏បានផ្តោតលើបរិយាប័ន្ន និងសមភាព ដោយរំលឹកពីសារៈសំខាន់នៃវិធីសាស្ត្រ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយដែលរួមបញ្ចូលគ្នា តាំងពីការគាំទ្រសមភាពយេនឌី និងធានាថាមិនមាននរណាត្រូវបានបោះបង់ចោល។
ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិវិញ វាគ្មិនបានលើកឡើងពីសារៈសំខាន់នៃការ សហការអន្តរជាតិ ជាមួយដៃគូដើម្បីដោះស្រាយភាពស្មុគស្មាញ និងការកើនឡើងនៃគ្រោះ មហន្តរាយ ដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ និងបញ្ហាសកលផ្សេងៗទៀត។