ឯកឧត្តម ម៉ាង សុីណេត បង្ហាញទស្សនៈ និងគោលដៅរបស់ខេត្តព្រះសីហនុ ជូនដល់អ្នកវិនិយោគថា «ភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់យើងខ្ញុំ»

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បែបនេះ ខណៈពេលដែលឯកឧត្តម បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនារវាងអ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
នៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើបទអន្តរាគមន៍អំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ សក្តានុពល និងឱកាសវិនិយោគនៅ ក្នុងខេត្តព្រះសីហនុ ជូនទៅដល់អ្នកវិនិយោគចិនក្រៅប្រទេស និងប្រទេសជាសមាជិក RCEP ក្នុងវេទិកា និងសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេសការវិនិយោគនៅខេត្តព្រះសីហនុ។ ឯកឧត្តមក៏បានអញ្ជើញ ធុរជន និងវិនិយោគិន នៃប្រទេសជាសមាជិក RCEP និងបណ្តាប្រទេសផ្សេងៗទៀត មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។

ឯកឧត្តម បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ ធានាជូនអ្នកវិនិយោគនូវការ សម្របសម្រួលនីតិវិធី និងការផ្តល់សេវាសាធារណៈស្របតាមច្បាប់ ឱ្យបានឆាប់ រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ការលើកទឹកចិត្ត ការធានា និងការការពារវិនិយោគ ដោយធានាសន្តិសុខ និងសុវត្ថិភាពជាចម្បង។

ឯកឧត្តមមានសុទិដ្ឋិនិយមថា វេទិកានេះ ពិតជាបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញដល់ក្រុមហ៊ុនវិនិយោគរបស់ប្រទេសចិន និងប្រទេសជាសមាជិកRCEP ទាំងអស់ក្នុងការសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។
CMD