ប្រជាពលរដ្ឋនៅស្រុកទឹកឈូ ទទួលបានផ្លូវបេតុង និងកៅស៊ូថ្មី៦ខ្សែជួយលើកកម្ពស់វិស័យកសិកម្ម និងសេដ្ឋកិច្ច

ខេត្តកំពត ៖ លោក អីម ច័ន្ចសោធន អភិបាលស្រុកទឹកឈូបានបញ្ជាក់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ថា អាជ្ញាធរស្រុកទឹកឈូមានសមិទ្ធផលផ្លូវបេតុង និងកៅស៊ូថ្មី ចំនួន៦ខ្សែបានស្ថាបនាស្ទើររួចរាល់១០០ភាគរយអស់ហើយ។ តាមរយៈផ្លូវទាំងអស់នេះ នឹងជួយកែប្រែមុខមាត់ថ្មីរបស់ស្រុក លើកកម្ពស់ដល់វិស័យកសិកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងនៅទូទាំងខេត្តកំពត។

លោកបានឲ្យដឹងថា ស្រុកទឹកឈូដែលជាស្រុកមានសក្តានុពលលើវិស័យជាច្រើន ពិសេសវិស័យទេសចរណ៍ និងកសិកម្មខ្លាំងជាងគេនោះ ពេលនេះកំពុងតែប្រែប្រួលមុខមាត់ថ្មីមួយកម្រិតទៀត ដោយសារសមិទ្ធផលផ្លូវបេតុង និងកៅស៊ី៦ខ្សែបានសាងសង់ស្ទើររួច១០០% បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងតភ្ជាប់តំបន់ទេសចរណ៍មួយទៅតំបន់ទេសចរណ៍ជាច្រើន ពិសេសតំបន់កសិ-ទេសចរណ៍របស់ស្រុកទឹកឈូ លោករំពឹងថា ផ្លូវស្អាត នឹងអាចទាក់ទាញភ្ញៀវបានកាន់ច្រើន ហើយប្រជាពលរដ្ឋនឹងមានជីវភាពរស់នៅកាន់តែប្រសើរ។

លោកអភិបាលស្រុក បញ្ជាក់ថា ៖ កញ្ចប់ទស្សនកិច្ច “ជិះកង់ដើម្បីសុខភាព” នឹងផ្តល់ជូនសេវាជិះកង់កម្សាន្តដោយឥតគិតថ្លៃដល់ភ្ញៀវទេសចរ។ ក្នុងនោះភ្ញៀវអាចមកទទួលសេវាជិះកង់កម្សាន្តនេះនៅសាលាស្រុក ដើម្បីជិះឆ្ពោះទៅកម្សាន្តតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនានា និងតំបន់កសិ-ទេសចរណ៍របស់ស្រុក ចាប់ពីថ្ងៃទី១០ ខែមិថុនា តទៅ៕