ខេត្តអានហ៊ួយ និង ខេត្តព្រះសីហនុ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធំៗជាច្រើន ជាពិសេសជំរុញការរៀបចំជើង ហោះហើរត្រង់ពីខេត្តអានហ៊ួយទៅកាន់ខេត្តព្រះសីហនុ !

នៅក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងាររវាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង ឈីងស៊ាន (WANG QING XIAN)អភិបាលខេត្តអានហ៊ួយ សាធារណ:រដ្ឋប្រជាមានិតចិន ដែលធ្វើឡើង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តអានហ៊ួយ សាធារណ: រដ្ឋប្រជាមានិតចិន, ខេត្តទាំងពីរនឹងខិតខំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម។ ជាពិសេសនឹងខិតខំជំរុញការរៀបចំជើងហោះហើរត្រង់ពីខេត្តអានហ៊ួយទៅកាន់ខេត្តព្រះសីហនុផងដែរ។
ភាគីទាំងពីរ ក៏បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា និងចិន បាន បង្កើតជាផ្លូវការក្នុងឆ្នាំ ១៩៥៨ គិតមកដល់ឆ្នាំនេះមាន រយៈពេល ៦៧ឆ្នាំហើយ ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមក។ ហើយទំនាក់ទំនងនេះជាទំនាក់ ទំនង (មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ) ដែលជាលទ្ធផលនៃភាព ស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបច្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ«ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង។
តាមរយៈទំនាក់ទំនងការទូតនៃប្រទេសទាំង ពីរ ក្នុងនោះក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (Letter of Intent) ជាមួយទីក្រុងស៊ូចូវ នៃខេត្តអានហ៊ួយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៧ ដោយបានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ ការអប់រំ កីឡា អនាម័យ ធនធានមនុស្ស និងទេសចរណ៍។ ហើយស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ និងស្រុកយ៉ុងឈាវ នៃក្រុងស៊ូចូវ ក៏បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (Letter of Intent) កាលពីឆ្នាំ២០១៦ ដោយព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ ការអប់រំ កីឡា អនាម័យ ធនធានមនុស្ស និងទេសចរណ៍ ផងដែរ។
ក្រោមលទ្ធផលផ្លែផ្កានេះ ខេត្តទាំងពីរ ក៏បានបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព និងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតខេត្តសម្ព័ន្ធមេត្រី ភាពរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ដែលនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ។ ផ្អែកតាមគោលការណ៍សមភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយភាគីទាំងពីរនឹងផ្លាស់ប្តូរទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ការអប់រំ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនឹងនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ នឹងទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានស្នើសុំឯកឧត្តមអភិបាលខេត្តអានហ៊ួយ សូមជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរណ៍ ឱ្យទៅបណ្តាក់ទុនវិនិយោគ និងទស្សនាកំសាន្តនៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនថែមទៀត។ ជាចុងក្រោយឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញឯកឧត្តមអភិបាលខេត្តអានហ៊ួយ ទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ទៅតាមពេលវេលាសមស្របណាមួយ។
ជាការឆ្លើយតបឯកឧត្តមអភិបាលខេត្តអានហ៊ួយ បានទទួលយកសំណើរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងហេដ្ឋារចនា សម្ព័ន្ធ។ ឯកឧត្តមអភិបាលខេត្តអានហ៊ួយ ក៏បានបញ្ជាក់ថាឯកឧត្តមនឹងឆ្លៀតពេលវេលាសម ស្របដើម្បីទៅទស្សនកិច្ចនៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាង មុខនេះផងដែរ។