វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបន្តពង្រីកវឌ្ឍនភាព និងនវានុវត្តន៍ស្រាវជ្រាវរួមគ្នា ក្រោមការចង្អុលបង្ហាញរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស-បារាំង និងក្រសួងសុខាភិបាលកម្ពុជា” ប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយប្រតិភូបារាំងមកពីវិទ្យាស្ថានប៉ាស្ទ័រប៉ារីស”

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងជំនួបជាមួយគណៈប្រតិភូមកពីវិទ្យាស្ថានប៉ាស្ទ័រប៉ារីស ដឹកនាំដោយលោកស្រី Odette TOMESCU-HATTO អនុប្រធានប្រតិបត្តិនៃនាយកដ្ឋានកិច្ចការអន្តរជាតិ រួមដំណើរដោយលោកសាស្ត្រាចារ្យ Pr André SPIEGEL នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃពុធទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលរួមចំណែកជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជារយៈពេលជិត៧០ឆ្នាំមកហើយ។ ការពិភាក្សា បានផ្តោតលើការពង្រឹងភាពជាដៃគូដែលមានស្រាប់ និងពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការបន្ថែមទៀតដូចជា ការស្រាវជ្រាវជំងឺឆ្លង ការកសាងសមត្ថភាពមន្ទីរពិសោធន៍ និងការបណ្តុះបណ្តាលអ្នកជំនាញ។
លោកស្រី Odette TOMESCU-HATTO បានជម្រាបជូននូវការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមផ្នែកសុខាភិបាលនៅកម្ពុជា និងបន្តធ្វើការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងដើរតួនាទីដ៏សំខាន់ឆ្លើយតបបានទៅនឹងតម្រូវការនៃសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈក្រសួងសុខាភិបាល។ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការបន្តការផ្លាស់ប្តូរបទពិសោធន៍ របកគំហើញវិទ្យាសាស្ត្រ និងគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពជាសកល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់
ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថាន និងក្រសួងសុខាភិបាល និងស្នើសុំឱ្យពង្រីកកិច្ចសហការ និងបន្តការផ្ទេរបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ ជូនដល់មន្ត្រីសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានជម្រាបជូនថា ដំណើរទស្សនកិច្ចនេះ បង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងបារាំងក្នុងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់រួមគ្នាក្នុងការជំរុញចំណេះដឹង វិទ្យាសាស្ត្រ និងសុខភាពសាធារណៈ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានប៉ាស្ទ័រប៉ារីស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ចូលរួមដំណើរការអភិវឌ្ឍន៍សុខាភិបាលឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។