សម្តេចតេជោ ហ៊ុន សែន នឹងចំណាយថវិកាផ្ទាល់ខ្លួន ១០លានដុល្លារ សង់កន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីមកសិក្សាក្នុងរាជធានីភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាស​ចំណាយថវិកាផ្ទាល់ខ្លួន និងគ្រួសាររង្វង់ប្រមាណ១០លានដុល្លារ ដើម្បី​សាង​​សង់កន្លែងស្នាក់នៅ (អន្តេវាសិកដ្ឋាន) ជូនដល់និស្សិតជាស្ត្រីដែល​ឡើង​​មកសិក្សានៅរាជធានីភ្នំពេញ។

គម្រោងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសក្នុងជំនួប​ជាមួយ​ប្រតិ​ភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវបណ្ឌិត អុឹង កន្ថាផាវី នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេច​​តេជោ ហ៊ុន សែន បានមើលឃើញពីការលំបាករបស់និស្សិតជាស្ត្រី ពេលមករៀនសូត្រនៅរាជធានីភ្នំពេញ ជួបការលំបាកសម្រាប់ការ​ស្នាក់​នៅ។

សម្តេចតេជោ បានបញ្ជាក់ថា ពេលនៅជានាយករដ្ឋមន្ត្រី ពេលសម្តេច​ចុះ​ទៅតាមខេត្តសម្តេចតែងគិតគូរពីការសាងសង់កន្លែងស្នាក់នៅសម្រាប់គ្រូ និងសិស្ស ប៉ុន្តែនៅរាជធានីភ្នំពេញមិនទាន់មានការសាងសង់នៅឡើយ​ទេ។

បើតាមសម្តេចតេជោ កន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីនេះ គ្រោងសាងសង់លើផ្ទៃដីទំហំប្រមាណ២ហិកតា ដោយចំណាយថវិកាប្រមាណជា ១០លានដុល្លារ។ សម្តេចតេជោ បានបញ្ជាក់ថា ថវិកានេះ មិនប្រើថវិកាជាតិនោះឡើយ គឺប្រើថវិកាសម្តេច និងក្រុមគ្រួសារ ដើម្បីបន្សល់ជាមរតកជូនដល់និស្សិតជាស្ត្រី។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ស្ថានីយទូរ​ទស្សន៍​​បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។

អន្តេវេសិកដ្ឋាននេះ សាងសង់សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ ដោយមានបន្ទប់ទឹក និងចង្ក្រាន​បាយ​ផងដែរ។ ដូច្នេះត្រូវកសាងចំនួន ១២០បន្ទប់។

បន្ថែមពីលើនោះ នឹងមានការកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។សម្តេចតេជោ សង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួម របស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕