ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ រួមជាមួយសមាគមសហជីពអាជីវករហ៊ូនណាននៃកម្ពុជា នាំមកនូវសេចក្តីស្រលាញ់មកចែកជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាដំរីផុង ស្រុកឆ្លូង ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្ដរជាតិ និងទិវាកុមារកម្ពុជា ខួបលើកទី២៤,

( ក្រចេះ )៖ ក្នុងឱកាសនៃប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជា ខួបលើកទី២៤ ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយសមាគមសហជីពអាជីវករហ៊ូនណាននៃកម្ពុជា បាននាំមកនូវអំណោយជាកាតាប សម្ភារៈសិក្សា នំ និងភេសជ្ជៈ មកចែកជូនដល់ក្មួយៗសិស្សានុសិស្សចំនួន ៤០០នាក់ ក្នុងសាលាបឋមសិក្សាដំរីផុង ស្រុកឆ្លូង ក្រចេះ ដើម្បីបង្ហាញនូវសេចក្តីស្រលាញ់ និងស្នាមញញឹមរីករាយជាមួយកុមារា កុមារីទាំងអស់ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា គូសបញ្ជាក់ថាថា អំណោយជា កាតាប សម្ភារៈសិក្សា នំចំណី ទឹកសុទ្ធ និងភេសជ្ជៈ ទាំងនេះ គឺទទួលបានការគាំទ្រពី សមាគមសហជីពអាជីវករហ៊ូនណាន នៃកម្ពុជា ដែលបានចូលរួមចំណែកចែករំលែកក្តីស្រឡាញ់ជាមួយក្រសួងព័ត៌មាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សម្រាប់នាំយកមកចែកផ្ទាល់ដៃជូនដល់សិស្សានុសិស្សនៅសាលាបឋម សិក្សាដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន និងសប្បុរសជននានា យកចិត្តទុកដាក់ និងគិតគួរខ្ពស់ចំពោះកុមារ ព្រោះថា កុមារគឺជាធនធានមនុស្សមិនអាចខ្វះបាន ដើម្បីអភិវឌ្ឍន៍ជាតិ ។ ការផ្តល់ផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ ដើម្បីពួកគេក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រឡាញ់គ្រប់ៗគ្នា។
ដូច្នេះហើយសូម អាណាព្យាបាល ឪពុក ម្តាយ ទាំងអស់បន្តជំរុញកូនៗ បុត្រធីតាឱ្យសិក្សារហូតដល់ចប់ចុង ចប់ដើម បើសិនជាឱ្យកូន ចៅបោះបង់ការសិក្សានឹងជួបការលំបាករយៈពេលយូរ តែបើសុខចិត្តទ្រាំលំបាករយៈពេលខ្លីបានរៀនសូត្រនឹងទទួលបានចំណេះ ដឹងជ្រៅជ្រះ ដែលនាំទៅធ្វើការផ្លាស់ប្តូរវាសនារបស់កូនចៅបានល្អ អាជួយដល់គ្រួសារ និងសង្គមជាតិ នាពេលអនាគិត។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ការវិនិយោគទៅលើកុមារ គឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ ព្រោះប្រទេសជាតិត្រូវការធនធានមនុស្សដែលប្រកបទៅដោយសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងប្រកបដោយគុណធម៌ សីលធម៌ និងសុខភាពមាំមួន។រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈយ៉ាងមោះមុតក្នុងការដោះស្រាយបញ្ហាកុមារ និងធ្វើឱ្យស្ថានភាពសុខុមាលភាពកុមារនៅកម្ពុជា កាន់តែល្អប្រសើរជាលំដាប់រួមជាមួយនឹងកិច្ចសហការពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលបានបង្កើតនូវកម្មវិធីជាច្រើនក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីមាតាបិតា ក្រុមគ្រួសារ និងសហគមន៍ចំពោះបុត្រធីតា ជាទីស្រឡាញ់ផងដែរ។

លោក យេក វៃ Ye Wei ប្រធានសមាគមសហជីពអាជីវករហ៊ូនណាន នៃកម្ពុជា បានជម្រាបជូនថា ការដែលសមាគមនាំយកនូវសម្ភារៈសិក្សាមកចែកជូននាឱកាស ទិវាកុមារអន្ដរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្នុងអត្ថន័យនាំមកនូវក្តីស្រលាញ់ និងភាពកក់ក្តៅជូនដល់កុមារនៅតាមសាលារៀននានាក្នុងខេត្តក្រចេះ។ ទន្ទឹមនេះ ជាការបង្ហាញអំពីគុណធម៌ប្រពៃណីរបស់ប្រជាជាតិចិនតាមរយៈសកម្មភាពជាក់ស្តែង ហើយថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រជាជនចិន និងកម្ពុជា និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសុខដុមរមនានៃសង្គមមូលដ្ឋាន៕