ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ «កុមារា កុមារី ជាទំពាំងស្នងឫស្សី សម្រាប់ជាតិ» ! កុមារជាអ្នកបន្តវេនដ៏មានសក្តានុពល! ហើយការគាំពារកុមារ និងលើកកម្ពស់សិទ្ធិកុមារជាភារកិច្ចរបស់យើងទាំងអស់គ្នា!

( ភ្នំពេញ )៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា កុមារប្រៀបដូចជាទំពាំងស្នងឫស្សី! ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ទាំងឳពុកម្តាយ ទាំងថ្នាក់ដឹកនាំ ដើម្បីធ្វើយ៉ាងណាឲ្យកុមារទទួលបានការសិក្សារៀនសូត្រ ទទួលអាហារូបបត្ថម្ភត្រឹមត្រូវ,ហើយអ្វីដែលសំខាន់ថែមទៀតនោះគឺការបង្ករបរិយាកាសសប្បាយរីករាយដល់កុមារ លេងកំសាន្តដែលធ្វើអោយខួរក្បាលរបស់កុមារមានការរីកចម្រើន ។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាកាតាប សម្ភារៈសិក្សា នំ និងភេសជ្ជៈ របស់ក្រុមហ៊ុន Midass food ជូនដល់កូនៗមន្រ្តីរាជការក្រសួងព័ត៌មាន ប្រមាណ ៣០០នាក់ និងមានការចូលរួមពីអាណាព្យាបាល និងកុមារសរុបប្រមាណ ៥០០នាក់ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។
ពិធីចែកសម្ភារៈសិក្សាដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន គឺជាលើកទី២ ហើយនៅក្នុងអាណត្តិរបស់ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន, ហើយការជួបជុំគ្នា បង្ករភាពសប្បាយរីករាយដល់កុមារ នាឱកាសនេះ ដើម្បីអបអរសាទខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា កំណើនប្រកបដោយចីរភាព និងភាពធន់»។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា អំណោយសម្ភារៈសិក្សាទាំងនេះ គឺទទួលបានការគាំទ្រពីក្រុមហ៊ុន Midass food ដើម្បីចូលរួមចំណែកចែករំលែកនូវក្តីស្រឡាញ់ និងស្នាមញញឹម ដល់កូនៗរបស់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ពិសេសគឺជាការលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សឲ្យបន្តការខិតខំប្រឹងប្រែង សិក្សារៀនសូត្របានពូកែ និងក្លាយជាធនធានមនុស្សដ៏ល្អ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាថ្ងៃអនាគត។ តាមរយៈនេះ ឯកឧត្តម រដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់កុមារទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូ និងធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី និងលោកជំទាវ បានបង្ហាញនូវការរីករាយដោយបានឃើញនូវ ស្នាមញញឹមរបស់ក្មួយៗកុមារា កុមារី ដែលជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន។
គូររំលឹកដែរថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ដោយបានដាក់ចេញនូវកម្មវិធីនយោបាយនានាសំដៅគាំពារ អភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពកុមារ ចាប់តាំងពីបឋមវ័យ រហូតដល់យុវវ័យ, កុមារជាតំណាងឱ្យធនធានមនុស្សដ៏មានសក្តានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។ ដូច្នេះហើយយើងទាំងអស់ត្រូវចូលរួមផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ដើម្បីឲ្យកុមារក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជា ទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា។

នៅក្នុងឱកាសនេះដែរ តំណាងក្រុមហ៊ុន Midass food បានជម្រាបជូនថា សកម្មភាពចែករំលែកក្តីស្រឡាញ់នេះគឺជាលើកទី៣០ របស់ក្រុមហ៊ុន មីដាសហ្វូដ នៃកម្មវិធីសប្បុរសធម៌ ហើយក្រុមហ៊ុនក៏នៅតែបន្តរាល់សកម្មភាពល្អនេះជានិច្ចយ៉ាងតិចឱ្យបានចំនួន ១ដង ក្នុង១ខែ ដើម្បីចូលរួមជួយសម្រួលដល់ប្រព័ន្ធអប់រំ និងប្រជាពលរដ្ឋដែលមានការខ្វះខាត។ ក្រុមហ៊ុន មីដាសហ្វូដ មានមោទនភាពដែលបានចូលរួមចំណែកជាមួយក្រសួងព័ត៌មាន ដើម្បីឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាព និងអនាគតដ៏ល្អសម្រាប់កុមារ និងសង្គមជាតិបន្តទៅមុខទៀត ៕

Screenshot