ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ប្រាប់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន៖ «កត្តាសុខសន្ដិភាព និងស្ថេរភាពនយោបាយ ជាបរិយាកាសអំណោយផលសំខាន់មួយក្នុងការវិនិយោគនៅកម្ពុជា»

ក្រៅពីកត្តាសុខសន្ដិភាព ស្ថេរភាពនយោបាយហើយនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានបង្ហាញអំពីការអនុគ្រោះ ការកែទម្រង់ ការធ្វើទំនើបកម្ម និងការបង្កលក្ខណៈងាយស្រួល ដល់ការវិនិយោគ។ បន្ថែមពីនេះ កម្ពុជាមានសក្តានុពលលើគ្រប់វិស័យទាំងទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ថាមពល ព្រមទាំងពលកម្មវ័យក្មេងដែលរាជរដ្ឋាភិបាកកំពុងបណ្ដុះបណ្ដាលជំនាញ ដើម្បីត្រៀមលក្ខណៈឲ្យក្លាយជាកម្លាំងពលកម្មដ៏ល្អសម្រាប់វិនិយោគិនទាំងជាតិ និងអន្ដរជាតិ។
ជាការឆ្លើយតប ឯកឧត្តម Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន បានលើកឡើងថា កម្ពុជាដៃគូពាណិជ្ជកម្ម និងវិនិយោគសំខាន់មួយនៅក្នុងតំបន់ ហើយទំនាក់ទំនងទ្វេភាគីវិស័យធុរកិច្ច ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងកាណាដា បានទទួលលទ្ធផលជាផ្លែផ្កាជាច្រើន ជាក់ស្តែងទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា ក្នុងឆ្នាំ២០២៤ មានទំហំ២.៤ពាន់លានដុល្លារ ដែលបានកើនឡើងពី២.១ពាន់ដុល្លារ ក្នុងឆ្នាំ២០២៣ ក្នុងនោះកម្ពុជា គឺជាទីផ្សារសំខាន់សម្រាប់ការនាំចេញវាយនភណ្ឌ។
ឯកឧត្តមបានបន្តយោងតាមស្ថិតិអាស៊ាន ប្រទេសកាណាដា ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលវិនិយោគបរទេសផ្ទាល់ (FDI) នៅកម្ពុជា ហើយក្រៅពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងកាណាដា និងកម្ពុជា ក៏បានផ្សាភ្ជាប់តាមរយៈប្រជាជន និងប្រជាជនផងដែរ។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានគាំទ្រនូវមតិដែលភាគីកាណាដា បានគូសបញ្ជាក់ពីពាណិជ្ចកម្មរវាងកាណាដា និងកម្ពុជា។ ពាក់ព័ន្ធនឹងការអញ្ជើញរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងវេទិកាធុរកិច្ចកាណាដា អាស៊ាន នៅខែកញ្ញាខាងមុខនេះ លោកជឿជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចាត់តំណាងចូលរួមក្នុងវេទិកាដ៏សំខាន់នេះ។
ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមលក្ខណៈជាស្រេចដើម្បីជួយសម្របសម្រួលដល់ក្រុមប្រឹក្សាធុរកិច្ចកាណាដា អាស៊ាន ក្នុងការដោះស្រាយនូវរាល់ចម្ងល់ និងសំណូមពរនានា ពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវបន្ថែមពីសក្តានុពលសេដ្ឋកិច្ច និងការសិក្សាលម្អិត ព្រមទាំងការវិនិយោគវិស័យជាក់ស្តែងនានា តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនក្នុងស្រុកជាដើម៕