ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើដល់ប្រព័ន្ធផ្សព្វផ្សាយបន្តចូលរួមផ្សាយបានកាន់តែច្រើនពីសក្តានុពលទេសចរណ៍ស្របតាមទិសស្លោក «បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់»

ជាមួយគ្នានេះដែរ ឯកឧត្តម បានធ្វើការអំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយ ឬបំភ្លៃព័ត៌មានមិនពិតក្នុងវិស័យទេសចរណ៍, ដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ស្របតាមកិច្ចការងារដែលក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ កំពុងអនុវត្តន៍ “ យុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលប៉ៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ “

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាស ឯកឧត្តម រួមជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញធ្វើការផ្សព្វផ្សាយ «ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូដបញ្ជាក់ថា ការផ្សព្វផ្សាយ«ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ»ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន អំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ដែលជាយន្តការដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ខែតុលា។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងវិស័យទេសចរណ៍ ក៏ជាតួនាទីសំខាន់របស់ក្រសួងព័ត៌មាន ហើយឱសថដ៏ល្អដើម្បីបន្សាបព័ត៌មានក្លែងក្លាយ គឺត្រូវដាក់ព័ត៌មានពិត ច្បាស់លាស់ លឿន រហ័ស ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសជាតិ និងអន្តរជាតិ ឱ្យបានដឹងកាន់តែច្បាស់ពីស្ថានភាពពិត រឿងពិតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទីតាំងទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។ ការផ្សព្វផ្សាយនូវព័ត៌មានអំពីវិស័យទេសចរណ៍ គឺមិនត្រឹមតែធានាបាននូវសន្តិសុខព័ត៌មានប៉ុណ្ណោះទេ តែថែមទាំងជាការធានាភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិថែមមកលេងកំសាន្តសប្បាយផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ការផ្សព្វផ្សាយអំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) គឺជាយន្តការដើម្បីជំរុញចលនាទេសសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ខែតុលា។

តាមរយៈយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតងនេះ គឺមិនត្រឹមតែជំរុញចលនាទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះទេ តែជាផ្នែកមួយនៃការកាត់បន្ថយលំហូរភ្ញៀវជាតិចេញទៅធ្វើដំណើរទេសចរណ៍នៅក្រៅប្រទេសផងដែរ។

ឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗបន្ថែមទៀត សំដៅធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងរដូវកាលបៃតងនេះ ៕