ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំពិធីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំពិធីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
សម្រាប់ឆ្នាំ២០២៥នេះ ប្រធានបទ ទិវាកុមារអន្តរជាតិ១មិថុនា និងទិវាកុមារកម្ពុជា និងប្រធានបទ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា មានគោលបំណង ជំរុញការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចការពារ និងឧត្តមប្រយោជន៍របស់កុមារ ក៏ដូចជាការការពារពីគ្រប់ទម្រង់ទាំងអស់នៃពលកម្មកុមារ និងគាំពារកុមារ ឱ្យទទួលបានការចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្ដៅពីគ្រួសារ ទទួលបានការអប់រំ និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដើម្បីឱ្យកុមារ និងក្រុមគ្រួសារ រួមទាំងសហគមន៍ ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌ នៃការរស់នៅក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ព្រមទាំងផ្ដល់ឱកាសឱ្យកុមារ បានចូលរួមយ៉ាងសកម្ម ស្មើភាពគ្នា និងតម្លាភាពនៅក្នុងសង្គម ដើម្បី រួមចំណែកជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់កម្រិត។ ក្នុងន័យនេះ យើងមានបេសកកម្មរួមគ្នាមួយ គឺការចូលរួមពីគ្រប់ក្រសួង- ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន គ្រួសារ សហគមន៍ រួមទាំងកុមារខ្លួនឯង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការជំរុញការអនុវត្តច្បាប់ ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ បទដ្ឋានគតិយុត្ត និងកម្មវិធីនានា ឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក និងសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
តាមរយៈទិវានេះ ឯកឧត្តម បានផ្ដល់នូវអនុសាសន៍មួយចំនួន ដូចជា -ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល លើការអនុវត្តអនុសញ្ញា ស្តីពី សិទ្ធិកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយ និងពង្រឹង ការអនុវត្តគោលនយោបាយជាតិ ស្ដីពី ប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកិច្ចការពារកុមារ ជំរុញដំណើរការអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពី កិច្ចការពារកុមារ និងផែនការសកម្មភាពជាតិ ស្តីពី ការទប់ស្កាត់ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣៩។ ជាពិសេស ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបទសង្គម តាមរយៈការអប់រំទូន្មានប្រៀនប្រដៅ បែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាបង្ការ ការពារ អន្តរាគមន៍ និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារតាមគ្រប់រូបភាពឱ្យបានសមស្របទាន់ពេលវេលា និងបង្កើនការចូលរួមរបស់កុមារ និងយុវជន ឱ្យបានគ្រប់កម្រិត។ ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ត្រូវចូលរួមលើកកម្ពស់ ការយល់ដឹងពីអត្ថប្រយោជន៍ និងហានិភ័យចំពោះកុមារក្នុងការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ដោយផ្សព្វផ្សាយ ដល់កុមារនិងយុវជន មាតាបិតា អ្នកថែទាំ រួមទាំងកម្លាំងសេវាសង្គម ជាពិសេស ដាក់បញ្ចូលមេរៀនអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ និងឯកជន។
ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដា្ឋនប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបញ្ជាក់ដែរថា គោលបំណងកំណត់នូវគោលការណ៍ នីតិវិធី សិទ្ធិ លក្ខខណ្ឌ តួនាទី និងភារកិច្ចរបស់ក្រសួង-ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងអ្នកផ្តល់សេវា ក្នុងការអនុវត្តការងារថែទាំកុមារដោយសាច់ញាតិ ឬឪពុកម្ដាយធម៌ សំដៅធ្វើឱ្យកុមារទទួលបានការថែទាំតាមគ្រួសារ និងសហគមន៍ ប្រកបដោយសុវត្ថិភាព និងមានការគាំទ្រនូវតម្រូវការចាំបាច់នានា របស់កុមារ និង គ្រួសារ។