ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន និងឯកអគ្គរដ្ឋទូតឥណ្ឌា ឯកភាពគ្នាបន្ដពង្រឹងកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបទល្មើសតាមអនឡាញ

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានរំលឹកថា ប្រទេសឥណ្ឌា បានចូលរួមចំណែកកសាងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម និងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ កម្ពុជា និងឥណ្ឌា ជាគោលដៅទេសចរណ៍ទៅវិញទៅមក ហើយជាពិសេសប្រទេសឥណ្ឌា ក៏ជាគោលដៅសេវាសុខភិបាលសម្រាប់ប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងអំពីកិច្ចការដែលលោកទទួលភារកិច្ចក្នុងអាណត្តិនេះ រួមមាន ទទួលបន្ទុកវិស័យសន្តិសុខជាតិ, ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, គណៈកម្មាធិការសន្តិសុខឌីជីថល និងគណៈកម្មការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល។ ដោយឡែក ចំពោះបញ្ហាគ្រឿងញៀន ទាមទារឲ្យកិច្ចសហការបន្ថែមរវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា។

ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះការអនុញ្ញាតឲ្យលោកចូលជួបសម្ដែងនាឱកាសនេះ។ យល់ឃើញថា ថ្នាក់ដឹកនាំកម្ពុជាជាបុគ្គលវិជ្ជមាន និងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងកាន់តែប្រសើរ ដោយបានទទួលការកោតសរសើរយ៉ាងខ្លាំង ពីសហការីថា ថ្នាក់ដឹកនាំកម្ពុជា គឺជាមិត្តដ៏ល្អ។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបាននិងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ដោយបានចាត់វិធានការយ៉ាងតឹងរ៉ឹង ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសនេះ។ លោកបានស្នើក្រសួង ឬស្ថាប័នពាក់ព័ន្ធអាចកំណត់អត្តសញ្ញាណវត្តមានរបស់ជនជាតិឥណ្ឌា ក្នុងករណីទាំងនេះ សូមធ្វើការសហការជាមួយស្ថានទូតឥណ្ឌា ដើម្បីរៀបចំនីតិវិធីក្នុងការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសឥណ្ឌាវិញ។

ក្នុងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បង្ហាញជំហរបង្កើនកិច្ចសហប្រតិបត្តិការ ចំពោះវិស័យដែល ឯកឧត្តមទទួលបន្ទុក និងស្វាគមន៍ជានិច្ច ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ដោយប្រគល់ភារកិច្ចឲ្យមន្ដ្រីជំនាញ ធ្វើការប្រាស្រ័យទាក់ទងគ្នាផ្ទាល់។