អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រាយការណ៍ក្នុងសន្និសីទសារព័ត៌មានពីវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅការបញ្ចប់ជំងឺអេដស៍ <ការប៉ាន់ប្រមាណការរាលដាលមេរោគអេដស៍ជាតិនៅឆ្នាំ២០២៥>

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៖ កម្ពុជាបន្តបោះជំហានគួរឱ្យចាប់អារម្មណ៍ ក្នុងដំណើរឆ្ពោះទៅបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។ យោងតាមការប៉ាន់ប្រមាណការឆ្លងរាលដាលមេរោគអេដស៍ជាតិនៅឆ្នាំ២០២៥ ដែលចេញផ្សាយដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងការិយាល័យអង្គការUNAIDS ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី។

ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល សហគមន៍ កាកបាទក្រហមកម្ពុជា និងដៃគូអភិវឌ្ឍ និងដោយមានការគាំទ្រឥតឈប់ឈរពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងពី សម្តេចមហាបវរធីបតី        ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការគណនាប៉ាន់ប្រមាណការរីករាលមេរោគអេដស៍នៅឆ្នាំ២០២៥បញ្ជាក់សារជាថ្មីឡើងវិញនូវកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាថា ជាប្រទេសឈានមុខគេក្នុងពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍។

យោងតាមការប៉ាន់ប្រមាណការរាលដាលនៃមេរោគអេដស៍ ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីបានថយចុះមកត្រឹម១ ២០០នាក់ ក្នុងឆ្នាំ២០២៤ ដែលជាការថយចុះ៤៥% ពីកម្រិតមូលដ្ឋាននៅឆ្នាំ២០១០ និងជាការថយចុះជាង៩០% ចាប់តាំងពីការឆ្លងរីករាលដាលនៃមេរោគច្រើនបំផុតនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០។ លើសពីនេះទៀត ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនបានធ្លាក់ចុះមកត្រឹម៦.៩% ក្នុងឆ្នាំ ២០២៤ ដោយស្ត្រីមានផ្ទៃពោះជាង៩៧%នៃអ្នកផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ដើម្បីបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។

វឌ្ឍនភាពឆ្ពោះទៅគោលដៅព្យាបាលមេរោគអេដស៍ជាសកល៩៥-៩៥-៩៥បានបន្ត៖
•   ៩២%នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួន នៅឆ្នាំ២០២៤(កើនឡើងពី៨៩% ក្នុងឆ្នាំ២០២៣)
•     ~១០០%នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានដឹងពីស្ថានភាពរបស់ខ្លួន កំពុងស្ថិតក្នុងការព្យាបាល
•     >៩៨%នៃអ្នកដែលកំពុងព្យាបាល មានបន្ទុកមេរោគអេដស៍កម្រិតទាប។

ទោះបីជាមានភាពជឿនលឿនទាំងនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន។ ការឆ្លងថ្មីនៅតែមានកម្រិតខ្ពស់ក្នុងចំណោមប្រជាជនគន្លឺះៗ រួមមានបុរសដែលរួមភេទជាមួយបុរស អ្នកបំប្លែងភេទ ស្ត្រីក្នុងសេវាកម្សាន្ត​និងអ្នកដែលប្រើប្រាស់/ចាក់គ្រឿងញៀន។ បច្ចុប្បន្ននេះ ៤៤%នៃករណីឆ្លងមេរោគអេដស៍ថ្មីៗ គឺជាយុវវ័យដែលមានអាយុពី១៥ទៅ២៤ឆ្នាំ។ និន្នាការមួយគួរឱ្យព្រួយបារម្ភនេះបណ្តាលមកពីការថយចុះចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍នៅក្នុងចំណោមយុវវ័យ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា “ការឆ្លើយតបនឹងមេរោគអេដស៍ជាតិរបស់យើងត្រូវតែឈរលើសសរស្តម្ភបីគឺ៖ ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ ដែលរំលេចចេញពីគោលការណ៍ណែនាំជាយុទ្ធសាស្ត្រ សំខាន់ៗនៅក្នុងផែនការយុទ្ធសាស្រ្តជាតិលើកទី៦របស់យើង មានជាអាទិ៍ ការដឹកនាំនៅថ្នាក់ជាតិ និងសហគមន៍ និងភាពជាម្ចាស់ ការតម្រឹមជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងអាទិភាពជាតិ ការធានាចីរភាព កិច្ចសហប្រតិបត្តិពហុវិស័យ អភិក្រមដែលផ្តោតលើមនុស្ស និងសមធម៌ អន្តរាគមន៍ដែលផ្អែកលើភស្តុតាង គណនេយ្យភាព និងតម្លាភាព។ នេះជារបៀបដែលកម្ពុជានឹងឈានទៅសម្រេចគោលដៅក្នុងការបញ្ចប់ជំងឺអេដស៍ ខណៈពេលដែលធានានូវចីររភាពនៃកម្មវិធីមេរោគអេដស៍របស់យើង។

លោកស្រីPatricia Ongpin នាយិកាអង្គការUNAIDS ប្រចាំកម្ពុជាបានកោតសរសើរចំពោះសមិទ្ធផលរបស់កម្ពុជា ខណៈពេលដែលលោកស្រីគូសបញ្ជាក់ឱ្យមានការប្រុងប្រយ័ត្នអំពីផ្លូវឆ្ពោះទៅមុខ ដោយលើកឡើងថា “កំណាត់ផ្លូវចុងក្រោយដើម្បីសម្រេចបានគោលដៅនឹងមិនងាយស្រួលនោះទេ ប៉ុន្តែវាស្ថិតនៅលើដៃរបស់កម្ពុជា។ ការធានាចីរភាពដើម្បីបន្ថយផលប៉ះពាល់នៃការរាលដាលមេរោគអេដស៍ក៏កាន់តែមានសារៈសំខាន់ទៅទៀត។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់សេវាបង្ការមេរោគអេដស៍រួមបញ្ចូលគ្នានៅគ្រប់កម្រិតនិងគ្រប់វិស័យ និងតាមរយៈការដោះស្រាយឧបសគ្គនានាដែលបណ្តាលមកពីការមាក់ងាយ និងការរើសអើងចំពោះអ្នករស់នៅជាមួយមេរោគអេដស៍ អ្នករងផលប៉ះពាល់ ឬអ្នកប្រឈមនឹងមេរោគអេដស៍ កម្ពុជាអាចសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតារបស់ខ្លួន និងធ្វើជាគំរូសម្រាប់តំបន់ និងពិភពលោក”។

លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសើស្បែក និងកាមរោគ បានកត់សម្គាល់ពីសារៈសំខាន់នៃសន្ទុះដែលនាំឱ្យមានការឆ្លើយតបប្រកបដោយចីរភាពថា “វឌ្ឍនភាព​ដែល​យើង​ឃើញ​គឺ​ជា​លទ្ធផល​នៃ​ការ​ប្ដេជ្ញា​ចិត្ត​និង​ភាព​ជា​ដៃគូ​ដ៏​រឹងមាំ​របស់​កម្ពុជា។ ប៉ុន្តែ ដើម្បីសម្រេចបាននូវគោលដៅផែនការយុទ្ធសាស្រ្តជាតិទីប្រាំមួយដែលកំណត់ថា ការឆ្លងថ្មីនៃមេរោគអេដស៍ ធ្លាក់តិចជាង២០០ករណីក្នុងមួយឆ្នាំ នៅឆ្នាំ២០២៨ យើងត្រូវពន្លឿនការបង្ការ ពង្រឹងប្រព័ន្ធទិន្នន័យ និងវិនិយោគបន្ថែមទៀតដើម្បីឈានទៅធ្វើអន្តរាគមន៍ដល់ប្រជាជនគន្លឹះដែលនៅសេសសល់”។
លទ្ធផលនៃការប៉ាន់ប្រមាណការឆ្លងរាលដាលមេរោគអេដស៍ថ្នាក់ជាតិឆ្នាំ២០២៥ បញ្ជាក់សារជាថ្មីអំពីជោគជ័យរបស់កម្ពុជាថាជាជោគជ័យកម្រិតសកល ខណៈពេលដែលយើងគូសបញ្ជាក់អំពីតម្រូវការកាន់តែខ្លាំងលើសកម្មភាពដែលមានគោលដៅកាន់តែស្រួច។ គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីមេរោគអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ផែនទីបង្ហាញផ្លូវច្បាស់លាស់ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ៕