ផ្លូវថ្មើរជើងមាត់ទន្លេ នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២១មិថុនា ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

ភ្នំពេញ ៖ បើពុំមានការប្រែប្រួលទេនោះផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ ហើយទទួលបានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដោយពួកគាត់មកដើរលែងកំសាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយ ជាមួយនឹងចំណីអាហារ ត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

ការបញ្ជាក់ពីគម្រោងនៃការបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) នេះបានធ្វើឡើងក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ឧសភានេះ ក្រោមអធិបតីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នប៉ុន្មានខែនេះពិតជាទទួលបានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ផ្លូវថ្មើរជើងនេះ នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ទៅតាមសំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕