នាយករដ្ឋមន្រ្តីចិន Li Qiang បានបញ្ជាក់ថា៖ ភាពខុសគ្នារវាងប្រទេស GCC- ASEAN-China មិនមែនជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការនោះទេ

កាលម្សិលមិញនេះនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនលោក Li Qiang បាននិយាយថា៖ កិច្ចសហប្រតិបត្តិការបីផ្លូវរវាងប្រទេសចិន បណ្តាប្រទេសឈូងសមុទ្រពែក្ស និងប្រជាជាតិអាស៊ីអាគ្នេយ៍ឬ អាស៊ាននឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងអស់ រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសន្តិភាពនៅក្នុងតំបន់។ លោក Li បានអត្ថាធិប្បាយបែបនេះនៅក្នុងអំឡុងកិច្ចប្រជុំកំពូលរវាងប្រទេសចិន បូកអាស៊ាន និងបណ្តាប្រទេស GCC ដែលមានគោលបំណងពង្រីកការចូលរួមផ្នែកសេដ្ឋកិច្ច និងពង្រឹងភាពធន់រវាងប្រជាជាតិនានា នៅពេលដែលពួកគេជួបជាមួយនឹងប្រព័ន្ធពាណិជ្ជកម្មសកលដែលងាយនឹងបង្កជាបញ្ហាប្រឈមដោយសារការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក។ ចំណែកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅក្នុងសុន្ទរកថាបើករបស់លោកនាពេលនោះក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល លោកបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលនៅក្នុងទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ីនឹងក្លាយជាការបើកទំព័រថ្មីនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដ៏ល្អបំផុតដែរ។ លោកបាននិយាយថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកទាំង១០និងប្រទេសGCC និងប្រទេសចិនដែលមាន GDP សរុបរួមគ្នាជិត ២៥ប៊ីលានដុល្លារអាម៉េរិក និងមានទីផ្សារពីប្រជាជនជាង២ប៊ីលាននាក់ ដែលបានផ្តល់ឱកាសយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការធ្វើសមាហរណកម្មទីផ្សាររបស់ពួកគេ និងជំរុញការវិនិយោគឆ្លងតំបន់ដែរ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អាស៊ាន ហើយបានព្យាយាមបង្ហាញខ្លួនជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានចំពោះតំបន់ ចំពេលដែលមានការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។ ប្រទេសឈូងសមុទ្រពែក្ស GCC វិញគឺជាអ្នកផ្គត់ផ្គង់លើសពី១ភាគ៣នៃការនាំចូលប្រេងឆៅរបស់ចិន។ លោក Li បាននិយាយថា “ផ្លូវអភិវឌ្ឍន៍នៃប្រទេសរបស់ពួកយើងមិនដូចគ្នាទេ ប៉ុន្តែខ្ញុំជឿជាក់ថា៖ ភាពខុសគ្នាទាំងនេះមិនមែនជាឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការនោះទេ។ ផ្ទុយទៅវិញ ពួកគេគឺជាឱកាសសម្រាប់ភាពរឹងមាំដ៏អស្ចារ្យដែលបំពេញឲ្យគ្នាបន្ថែមទៀត៕

 

សម្រួលអត្ថបទ៖ Borinika Sopharin Em