ពលរដ្ឋជាង១០០គ្រួសារ នៅភូមិអូរលេក ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ទទួលបានស្ពានថ្មី ជំនួសស្ពានឈើចាស់ទ្រុឌទ្រោម

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅភូមិអូរលេក ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សម្តែងក្តីរីករាយជាពនពេក ខណៈបានទទួលសមិទ្ធិផលស្ពានថ្មី។
ប្រជាពលរដ្ឋបានរៀបរាប់ថា ៖ នៅក្នុងភូមិខាងលើ មានពលរដ្ឋរស់នៅជាង១០០គ្រួសារ ហើយភាគច្រើនប្រកបមុខរបរ ធ្វើស្រែចំការ ចិញ្ចឹមគោ ក្របី ហើយស្ពាននៅទីនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការឆ្លងកាត់លើស្ពានទាំងនេះ ចម្លងទៅទីតាំង កសិកម្មនានារបស់ពួកគាត់។ ប៉ុន្តែដោយស្ពានចាស់ទ្រុឌទ្រោម កន្លងមកបានបង្កគ្រោះថ្នាក់ដល់ពួកគាត់ជាញឹកញាប់។
ពេលនេះក្តីរំពឹងប្រជាពលរដ្ឋ បានមកដល់ហើយ គឺនៅថ្ងៃទី២៧ ខែឩសភា ឆ្នាំ២០២៥នេះប្រជាពលរដ្ឋនៅភូមិអូរលេក ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទទួលបានសមិទ្ធិផលស្ពានបេតុងថ្មី ដែលមានបណ្តោយប្រវែង១២ម៉ែត្រ និងទទឹង៥,៥០ ម៉ែត្រ ជំនួសស្ពានចាស់ឌ្រុតទ្រោម ក្រោមការឩបត្ថមពីលោកឳគង់ នៅ គ្រូឳសថបូរាណថ្នាំអមតដូនតាខ្មែរ និងលោកស្រី ចេង ហ៊ាងស៊ូលាង សប្បុរសជន សិស្សគណ ជិតឆ្ថាយ រួមទាំង អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងភូមិ។
ការកសាងស្ពានបេតុងខាងលើនេះបានបង្ហាញពីការចូលរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន មិនត្រឹមតែបាននូវការតភ្ជាប់នៃការឆ្លងកាត់នោះទេ ថែមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស ទៅកាន់សាលារៀន ចាស់ព្រឹទ្ធាចារ្យធ្វើដំណើរទៅកាន់វត្តអារាម អ្នកជំងឺ ពិសេសស្ត្រីមានផ្ទៃពោះធ្វើដំណើរទៅកាន់មន្ទីរពេទ្យជាការចាំបាច់សំខាន់បំផុត។
លោក ឃឹម ចាន់នឿន នាយករងរដ្ឋបាល តំណាងអាជ្ញាធរខេត្តកំពង់ឆ្នាំង ថ្លែងអំណរគុណចំពោះលោកឳ គង់នៅ និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ រួមចំណែក ជាមួយអាជ្ញាធរ កសាង នូវសមិទ្ធិផលជាច្រើន នៅក្នុងស្រុករលាប្អៀរ។ និងសូមអំពាវនាវ ប្រជាពរដ្ឋដែលបានប្រើប្រាស់លើស្ពាននេះ សូមចាត់ទុកថា ដូចជាទ្រព្យសម្បត្តិខ្លួនឯងដែរ ត្រូវចូលរួមថែរក្សាអោយបានគង់វង្សយូរអង្វែងជានិរន្ត ទទួលបាននូវការប្រើប្រាស់ដល់ក្មេងៗជំនាន់ក្រោយតទៅទៀត ៕