កម្មវិធី “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” លើកទី៣១០ ស្មើនឹង១០៥៥ មាតិកាព្រះធម៌ ត្រូវបានបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ក្នុងឱកាសអញ្ជើញបើកកម្មវិធី «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣១០ ស្មើនឹង១០៥៥ មាតិកាព្រះធម៌» ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋបានដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្សព្វផ្សាយ នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមនេះ កាន់តែធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់វ័យកាន់តែប្រកាន់ភ្ជាប់សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាបញ្ញាវ័ន្តដ៏មានគុណតម្លៃសម្រាប់ប្រទេសជាតិ និងសង្គម។

ក្នុងឱកាសនោះ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ចាប់តាំងពីការបង្កើតកម្មវិធីផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» នេះមក កម្មវិធីនេះទទួលបានការអបអរសាទរទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក៏ដូចជាមានការចូលរួម និងអបអរសាទរពីសំណាក់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្សនៅទូទាំងប្រទេស។ ជាពិសេសជាងនេះទៅទៀត ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះក៏ត្រូវបានបន្តអនុវត្ត និងផ្សព្វផ្សាយជាបន្តបន្ទាប់ ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា អគ្គនាយកដ្ឋានកិច្ចការសាសនានៃក្រសួងធម្មការ និងសាសនា សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ វិទ្យុរដ្ឋ និងឯកជន បាននឹងកំពុងបន្តរៀបចំដឹកនាំផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង អប់រំទូន្មានដល់កុលបុត្រខ្មែរ ដើម្បីឱ្យប្រកាន់ភ្ជាប់នូវអំពើល្អ សទ្ធាជ្រះថ្លា យកព្រះធម៌ជាគោលមកពិចារណាអ្វីមួយដោយធម៌ ពិសេសទូន្មានសិស្ស និស្សិតឱ្យស្គាល់នូវបុណ្យបាប និងត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ។

លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានមានប្រសាសន៍ជម្រាបជូនថា ការសម្តែងព្រះធម៌ទេសនានេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងដល់ការអប់រំក្នុងសង្គម ក្នុងនោះរួមមាន៖
១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន កូនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម
២-បង្ការការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍
៣-ចៀសផុតពីគ្រឿងញៀន គ្រឿង ស្រវឹង, ពីការជួញដូរមនុស្ស
៤-ចៀសផុតពីអំពើហឹង្សាក្នុងគ្រួសារ និងក្នុងសង្គម
៥-បង្ការគ្រោះថ្នាក់ចរាចរណ៍
៦-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ
៧-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព
៨- អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត
៩-ការចិញ្ចឹមកូនបែបវិជ្ជមាន
១០-ជួយផ្សព្វផ្សាយពីហានីភ័យ ដែលកើតឡើងពីផ្សែងធូប ផ្សែងភ្លើងទៀន ធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយ ព្រោះបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់។

សូមជម្រាបជូនថា នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមលើកទី ៣១០ ស្មើនឹង១០៥៥ មាតិកាព្រះធម៌ នាឱកាសនេះ មានការនិមន្តសម្តែងព្រះធម៌ទេសនា ដោយព្រះទស្សន៍ទានមុនី សួន តេង, ព្រះធម្មមង្គលមុនី ម៉ន បូរ៉ា, ព្រះទេសន៍ប្រជានិយម ផាយ រិទ្ធី និងមានការនិមន្ត-អញ្ជើញចូលរួមពី ព្រះសង្ឃ ឯកឧត្តម លោកជំទាវ មន្រ្តីរាជការ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ តាជី យាយជី សីលវ័ន សីលវត្តី និងសិស្សានុសិស្សជាច្រើនរូប៕