ប្រជាពលរដ្ឋក្នុងខេត្តកំពតបានបញ្ចប់ជាស្ថាពរនូវការបន្ទោបង់ពាសវាលពាសកាល ដែលជាកត្តាសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើផ្នែកអនាម័យបរិស្ថាន។ ហើយខេត្តកំពតជាខេត្តទី២១ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
——————————————–
នៅពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពតបានប្រារព្ធពិធីអបអរសាទរ អមដោយការដង្ហែពានជ័យលាភីដែលប្រជាពលរដ្ឋទូទាំងខេត្តបានបញ្ចប់ទាំងស្រុកនូវការបន្ទោបង់ពាសវាលពាសកាល (ODF)។ ក្នុងពិធីនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ថ្ងៃនេះពិតជាមានកិត្តិយសបំផុតដែលខេត្តកំពតទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដែលជាលទ្ធផលដ៏ប្រសើរក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើផ្នែកអនាម័យបរិស្ថាន។ តាមរយៈពានរង្វាន់នេះ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពតរំពឹងថា ភ្ញៀវជិតឆ្ងាយនឹងអញ្ជើញចូលមកកម្សាន្តកាន់តែច្រើនឡើងបបន្ថែមទៀត តាមរយៈភាពស្រស់ស្អាតតាមលំនៅស្ថាន សោភ័ណភាពនៅទីសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធល្អប្រណិត និងការរក្សាអនាម័យបរិស្ថានបានគ្រប់រមណីយដ្ឋានជាដើម។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ផ្អែកតាមការផ្លាស់ប្តូរផ្នត់គំនិត ក៏ដូចជាការប្រកាន់យកទម្លាប់ល្អរបស់អ្នករស់នៅទាំងតំបន់ជនបទ និងទីប្រជុំជន មកដល់ពេលនេះ ប្រជាពលរដ្ឋទាំង៩ក្រុង-ស្រុក ដែលមាន ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ដែលមានប្រជាពលរដ្ឋចំនួន ១៦៥.៩៨៥គ្រួសារ កំពុងប្រើប្រាស់បង្គន់អនាម័យគ្រប់ៗគ្នា ពោលគឺបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលបាន ១០០ភាគរយ។ ភាពជោគជ័យទាំងនេះកើតឡើងក្រោមការយកចិត្តទុកដាក់ និងគាំទ្រ ក៏ដូចជាការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតសំខាន់លើការងារលើកកម្ពស់អនាម័យបរិស្ថាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា ការបញ្ឈប់បាននូវការបន្ទោបង់ពាសវាលពាសកាលរបស់ប្រជាពលរដ្ឋខេត្តកំពត បានបង្ហាញឱ្យឃើញពីការរស់នៅបែបថ្លៃថ្នូរតាមរយៈបន្លាស់ប្តូរផ្នត់គំនិត ដោយចាប់យកការរស់នៅតាមបែបស៊ីវិល័យ។ លទ្ធផលទាំងនេះនឹងផ្តល់ទំនុកចិត្តសម្រាប់ភ្ញៀវក្នុងការមកលេងកម្សាន្តជាមួយបរិស្ថាន អនាម័យល្អ និងសោភ័ណភាពស្រស់ស្អាត ដែលធ្វើឱ្យភ្ញៀវកាន់តែមានភាពកក់ក្តៅ ជាពិសេសលើកត្តាសុខភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ចាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ការសាងសង់បង្គន់ និងអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីបញ្ចៀសពីជំងឺផ្សេងៗក្នុងបំណងចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន។ ហើយថ្ងៃនេះ ក្រសួងអភិវឌ្ឍន៍ជនបទពិតជាមានមោទកភាពដែលបានឃើញខេត្តកំពត ជាខេត្តទី២១ បានក្លាយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ទាំងនេះបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋទូទៅ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត