ឯកឧត្តម នេត្រ ភក្ត្រា ៖ មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងប៉ុណ្ណោះទេវាក៏ ជាវេទិកាមួយសម្រាប់ ផ្តល់ឱកាសឱ្យសិស្សបានបង្ហាញសមត្ថភាព និងបានជួបប្រាស្រ័យជាមួយមិត្តភក្តិថ្មីៗ ប្រកបដោយក្តីសប្បាយរីករាយ

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ក្រោមប្រធានបទ «កុមារ៖ អនាគតយើង ការទទួលខុសត្រូវរបស់យើង»នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មហោស្រពតន្ត្រី គឺជាព្រឹត្តិការណ៍មួយសម្រាប់ក្មួយៗកុមារដែល មានអាយុចន្លោះពី ៨ ទៅ ១៣ឆ្នាំអាចស្វែងយល់អំពីចំណង់ចំណូលចិត្តសិល្បៈរបស់ខ្លួន និង អភិវឌ្ឍទំនុកចិត្តក្នុងការបញ្ចេញមតិរបស់ពួកគេតាមរយៈបទចម្រៀង។ ឯកឧត្តម ជឿជាក់យ៉ាងមុតមាំលើឥទ្ធិពលនៃសិល្បៈក្នុងការបញ្ជ្រាបកាអប់រំ យ៉ាងមានប្រសិទ្ធភាព។ តាមរយៈការរៀបចំមហោស្រពតន្ត្រីកុមារនេះដែរ
ឯកឧត្តមរដ្ឋមន្ត្រី បានការកោតសរសើរ
និងថ្លែងអំណរគុណចំពោះការគាំទ្រដ៏ធំធេងពីសំណាក់ លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាល និងសាលារៀនដែល បាន បណ្តុះបណ្តាលទេពកោសល្យសិល្បៈវ័យ ក្មេងទាំងនេះ និងលើកទឹកចិត្តពួកគេឱ្យសម្រេចបាននូវសក្តានុពល និងដើរតាមក្តី ស្រមៃរបស់ពួកគេ។
ឯកឧត្តម នេត្រ ភក្ត្រា នៅពេលដែលក្មួយៗសិស្សានិសិស្ស ចាកចេញពីលើ ឆាកនេះនៅថ្ងៃនេះ សូមយកទៅជាមួយនូវអនុស្សាវរីយ៍ នៃការសម្តែងរបស់ក្មួយៗ ក៏ដូចជាទំនុកចិត្ត ដែលមានក្នុងការបំផុសគំនិតអ្នកដទៃតាមរយៈ សំនៀង និងសិល្បៈរបស់ក្មួយៗ ដែលជាការចូលរួមចំណែកវិជ្ជមានដល់សង្គមជាតិ ។
លោកជំទាវ នង ធូក អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនថា មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ក្រោមប្រធានបទ «កុមារ៖ អនាគតយើង ការទទួលខុសត្រូវរបស់យើង» រៀបចំឡើងជាគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលមានគោលបំណងបញ្ជ្រាបការអប់រំដ៏មានប្រសិទ្ធភាពដល់កុមារតាមរយៈវិស័យ សិល្បៈតន្ត្រីនិងចំរៀង និងផ្តល់វេទិកាដ៏សំខាន់ សម្រាប់កុមារដែលមានអាយុ ពី៨ ដល់១៣ឆ្នាំ ដើម្បីបង្ហាញសមត្ថភាពច្រៀង និងសំដែង ព្រមទាំងជំរុញការអភិវឌ្ឍទេពកោសល្យសិល្បៈ និងភាពក្លាហាន ជឿជាក់របស់ពួកគេ។ ទន្ទឹមនេះដែរមហោស្រពតន្ត្រី និងចំរៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកស្ទួយវប្បធម៌ដ៏ល្អផូផង់និងរស់ រវើករបស់កម្ពុជា និងផ្តល់ការកំសាន្តដល់កុមារផងដែរ។
ម្ចាស់ពានរង្វាន់ មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ បានទៅលើក្រុមកុមារមកពីសាលា “ សាលាបឋមសិក្សា ព្រះនរោត្តម “ ទទួលបានថវិកា ១០លានរៀល, ចំណាត់ថ្នាក់លេខ២ បានទៅលើ សាលាបឋមសិក្សា វត្តរាជបូណ៌ ទទួលបានថវិកា ៦លានរៀល, លេខ ៣ សាលាបឋមសិក្សា វត្តកោះ ទទួលបានថវិកា ៣លានរៀល, លេខ៤ សាលាបឋមសិក្សា មីគីវ៉េ ទទួលថវិកា ២លានរៀល, លេខ៥ សាលាបឋមសិក្សា គៀនឃ្លាំង ទទួលបានថវិកា ២លានរៀល។ ជាមួយនឹងការទទួលបានថវិកា ចំណាត់ថ្នាក់លេខ ១ដល់ លេខ៥ ក៏ទទួលបាន ពានរង្វាន់ និងប្រកាសនីយប័ត្រ ផងដែរ ៕