អង្គការសហប្រជាជាតិរិះគន់ការរឹតបន្តឹងប៉ុស្តិត្រួតពិនិត្យរបស់អ៊ីស្រាអែលលើរថយន្តជំនួយគឺជាចេតនាផ្តល់ផលវិបាកដល់ពលរដ្ឋប៉ាឡែស្ទីននៅ GAZA

អ្នកត្រួតពិនិត្យព្រំដែនរបស់អ៊ីស្រាអែលនៅតែរឹតបន្តឹងលើការដឹកជញ្ជូនជំនួយភាគច្រើនដោយមិនអាចឲ្យវាហូរចូលទៅកាន់ប្រជាជនប៉ាឡែស្ទីនបានក្នុងតំបន់ Gaza ទាន់ពេលវេលា បើទោះបីអ៊ីស្រាអែលបានយល់ព្រមកាលពីសប្តាហ៍មុនថាបានបន្ធូរបន្ថយចំពោះការបិទច្រកព្រំដែននៅ Gaza យ៉ាងណាក្តី។ គួរបញ្ជាក់ផងដែរថាចំណុចព្រំដែន Kerem Shalom គឺជាច្រកទ្វារតែមួយគត់សម្រាប់ផ្តល់ជំនួយមនុស្សធម៌ឲ្យចូលទៅក្នុង Gaza ប៉ុន្តែត្រូវបានអាជ្ញាធរអ៊ីស្រាអែលអនុញ្ញាតឲ្យមានរថយន្តប្រហែលជា១០០គ្រឿងប៉ុណ្ណោះចូលទៅក្នុងតំបន់នេះជារៀងរាល់ថ្ងៃបាន។ បច្ចុប្បន្នជំនួយដែលអាចចូលទៅក្នុងតំបន់ Gaza បានគឺមានតែប្រភេទម្សៅសម្រាប់ធ្វើនំប៉័ង, អាហារក្មេង, ផលិតផលចិញ្ចឹមសុខភាព និងឱសថប៉ុណ្ណោះ ប៉ុន្តែជំនួយសំខាន់ៗដែលចាំបាច់ផ្សេងទៀតមានដូចជាអាហារស្រស់, ប្រេង និងឧបករណ៍ចំរុះទឹកស្អាតនៅតែត្រូវមិនអាចនាំយកចូលទៅបានហើយវាត្រូវបានគេដាក់កម្រិតដែរ។ ជាងនេះទៅទៀតដើម្បីបំពេញតាមលក្ខខណ្ឌដែលត្រូវត្រួតពិនិត្យយ៉ាងតឹងរឹងរបស់អ៊ីស្រាអែល រថយន្តដឹកជំនួយជាច្រើនត្រូវបើកទ្វារឲ្យបុគ្គលិកសន្តិសុខអ៊ីស្រាអែលអាចឃើញដោយផ្ទាល់ភ្នែកថាតើទំនិញដែលពួកគេដឹកជញ្ជូននោះគឺ ស្ថិតនៅក្នុងបញ្ជីវេចខ្ចប់តាមការកំណត់ឬអត់ដែរ។ បន្ទាប់ពីឆ្លងកាត់ចំណុចត្រួតពិនិត្យទំនិញទាំងនេះហើយ ពួកគេត្រូវបានលើកចេញម្ដងទៀតសម្រាប់ប៉ុស្តិត្រួតពិនិត្យសន្តិសុខបន្ថែម ហើយបន្ទាប់មកនឹងត្រូវរៀបចំបញ្ជូលវាឡើងវិញទៅក្នុងរថយន្តផ្សេងទៀតដើម្បីដឹកជញ្ជូនបន្តទៅដាក់នៅមជ្ឈមណ្ឌលចែកចាយជំនួយ ហើយការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរឹងនេះត្រូវបានអង្គការសហប្រជាជាតិរិះគន់ថាជាមូលហេតុប្រឈមសំខាន់មួយដែលរារាំងមិនឲ្យមានការផ្គត់ផ្គង់ជំនួយទៅដល់ប្រជាជនប៉ាឡែស្ទីននៅ Gaza៕


សម្រួលអត្ថបទ៖ ឡុង បញ្ញា