មេដឹកនាំក្រុម Hezbollah បញ្ជាក់ថា៖ គោលជំហររបស់ពួកគេគឺមិន ចូលរួមពិភាក្សានិងមិនបោះបង់សព្វាវុធនៅលីបង់នោះទេ ប្រសិនបើអ៊ីស្រាអែលមិនព្រមដកថយមុន

មេដឹកនាំក្រុមសកម្មប្រយុទ្ធ Hezbollah លោក Naim Kassem បានបន្តបញ្ជាក់ឡើងវិញកាលពីថ្ងៃអាទិត្យនេះថាគោលជំហររបស់ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនដែលនៅលីបង់គឺនឹងមិនចូលរួមពិភាក្សាអំពីការបោះបង់ចោលនូវអាវុធដែលនៅសេសសល់របស់ខ្លួនឡើយ រហូតដល់អ៊ីស្រាអែលដកខ្លួនចេញពីចំណុចដែលខ្លួនកំពុងកាន់កាប់នៅភាគខាងត្បូងប្រទេសលីបង់ដែរ ហើយបញ្ឈប់វាយប្រហារតាមដែនអាកាសទៀត។ នេះជាអ្វីដែលលោក Kassem ធ្លាប់បានថ្លែងសុន្ទរកថាក្នុងឱកាសខួបនៃការដកយោធាអ៊ីស្រាអែលចេញពីភាគខាងត្បូងប្រទេសលីបង់ក្នុងឆ្នាំ២០០០កន្លងទៅនេះ។ យោងតាមសន្ធិសញ្ញាបញ្ចប់ការបាញ់ប្រហារគ្នារវាងអ៊ីស្រាអែល និងក្រុម Hezbollah គឺតម្រូវឲ្យអ៊ីស្រាអែលដកកងទ័ពរបស់ខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ហើយកងទ័ពជាតិរបស់លីបង់និងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនឹងចូលមកគ្រប់គ្រងតំបន់នោះវិញ។ យ៉ាងណាមិញយោធាអ៊ីស្រាអែលនៅតែយាមល្បាតនៅចំណុចសំខាន់ៗចំនួន៥នៃតំបន់ព្រំដែនភាគខាងត្បូងប្រទេសលីបង់ហើយមន្រ្តីអ៊ីស្រាអែលបានប្រកាសថាពួកគេគ្រោងនឹងស្នាក់នៅទីនោះក្នុងរយៈពេលគ្មានដែនកំណត់ដើម្បីការពារព្រំដែនរបស់ខ្លួនហើយអ៊ីស្រាអែលក៏នៅតែបន្តធ្វើការវាយប្រហារតាមអាកាសជាប្រចាំដែរនៅតំបន់ភាគខាងត្បូងប្រទេសលីបង់និងពេលខ្លះទៀតគឺវាយប្រហារនៅជាយទីក្រុង Beirut ផងដែរ។ បន្ថែមពីនេះទៅទៀតមន្រ្តីលីបង់បានចោទប្រកាន់អ៊ីស្រាអែលថា៖ បានរំលោភសន្ធិសញ្ញាបញ្ឈប់បទបាញ់គ្នាខណៈដែលអ៊ីស្រាអែលអះអាងថា៖ ពួកគេបានវាយប្រហារគ្នាដើម្បីការពារព្រំដែនរបស់ខ្លួន និងដើម្បីទប់ស្កាត់មិនឲ្យ ក្រុម Hezbollah ស្ដារកម្លាំងរបស់ខ្លួនឡើងវិញបាន៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា