កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស GCC និង ASEAN នៅគូឡាឡាំពួផ្តោតសំខាន់លើការតម្លើងពន្ធគយអាម៉េរិក សង្រ្គាមស៊ីវិលនៅមីយ៉ាន់ម៉ា ការរំខានពី AI មុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំមកដល់!

ប្រទេសអាស៊ីអាគ្នេយ៍ ត្រូវតែពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ធ្វើពិពិធកម្មទីផ្សាររបស់ពួកគេនិងរក្សាការរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះពីការរំខានពាណិជ្ជកម្មសកលដែលបណ្តាលមកពីការតម្លើងពន្ធនិងដកពន្ធរបស់សហរដ្ឋអាមេរិក នេះជាអ្វីដែលរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានសង្កត់ធ្ងន់នៅចំពោះមុខបណ្តារដ្ឋមន្ត្រីមកពីប្រទេសនានាដែលបង្កើតជា GCC ឬ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ និងអាស៊ាន ឬ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលបានមកជួបប្រជុំគ្នានៅទីក្រុង Kuala Lumpur កាលពីថ្ងៃអាទិត្យនេះ។ លោក Mohamad Hasan ក៏បានបញ្ជាក់សារជាថ្មីនូវការអំពាវនាវនៃប្លុកសម្រាប់ការបញ្ចប់សង្រ្គាមស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ា និងបានបន្ទោស ផែនការយោធាដែលកំពុងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីរៀបចំការបោះឆ្នោតនៅចុងឆ្នាំនេះថាជាការលាងជម្រះរឿងរ៉ាវ ដែលនៅសេសសល់។ បណ្តាប្រទេសអាស៊ាន ដែលភាគច្រើនពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក កំពុងងើបឡើងវិញពីពន្ធ ដែលដាក់ដោយរដ្ឋបាលនៃប្រធានាធិបតីអាមេរិក Donald Trump ចាប់ពី ១០% ទៅ ៤៩%។ ចំណែកមន្ត្រីពាណិជ្ជកម្មបាននិយាយថាប្រទេសចំនួន៦ក្នុងចំនោមសមាជិកទាំង១០ របស់ប្លុកអាស៊ាន គឺស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដែលទំនងជាប៉ះពាល់ដល់ការព្យាករណ៍លើកំណើនគោលដៅរបស់អាស៊ានចំនួន ៤.៧% នៅឆ្នាំនេះ។ កាលពីខែមុននៅពេលដែលលោកប្រធានាធិបតី Trump បានប្រកាសពីការផ្អាករយៈពេល ៩០ ថ្ងៃលើពន្ធគយនេះ ប្រទេសជាច្រើនរួមមានម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងវៀតណាមបានចាប់ផ្តើមការចរចាពាណិជ្ជកម្មយ៉ាងឆាប់រហ័សជាមួយទីក្រុងវ៉ាស៊ីនតោនដែរ។ លោក Mohamad បាននិយាយថាចំពោះប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្នឆ្នាំ២០២៥នេះបានស្នើសុំកិច្ចប្រជុំកំពូលពិសេសមួយជាមួយសហរដ្ឋអាមេរិក ក្នុងនាមជាប្លុកមួយ ដើម្បីពិភាក្សាអំពីបញ្ហាពន្ធគយ ហើយសង្ឃឹមថាវាអាចកើតឡើងនៅចុងឆ្នាំនេះ។ លោកបាននិយាយថាអាស៊ានក៏កំពុងស្វែងរកការធ្វើឱ្យប្រទេសអ៊ុយក្រែនក្លាយជាដៃគូសន្ទនារបស់ខ្លួន ខណៈដែលអាស៊ានកំពុងពន្លឿនដំណើរការនៃការទទួលស្គាល់ប្រទេសទីម័រខាងកើតជាសមាជិកទី១១របស់ខ្លួន។ សូមបញ្ជាក់ថាមេដឹកនាំអាស៊ាននឹងជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំដែលនឹងបន្តដោយកិច្ចប្រជុំរួមគ្នានៅថ្ងៃអង្គារជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang និងមេដឹកនាំមកពីក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្ររួមមានប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ លោក Mohamad Hasan បាននិយាយទៀតថា ការរួបរួមគ្នារបស់អាស៊ានគឺមានសារៈសំខាន់ខ្លាំងណាស់ នៅពេលដែលតំបន់នេះត្រូវប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុផង និងការរំខានពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ផង និងបច្ចេកវិទ្យាដែលមិនមានការគ្រប់គ្រងផ្សេងទៀត ដោយលោកបន្ថែមថាប្លុកអាស៊ាននេះនឹងត្រូវបានសាកល្បងដោយសម្ពាធពីខាងក្រៅ រួមទាំងការប្រជែងជាមួយមហាអំណាចថែមទៀតដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ