ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា និង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញជួបជាមួយក្រុមបណ្ណាល័យចល័តតាមរយៈរថយន្ត “ទេសចរណ៍អំណាន” នៅមុខសាលាខេត្តក្រចេះ

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម បាវិតលុង វ៉ាន់ឡាល់វ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញជួបជាមួយក្រុមបណ្ណាល័យចល័តតាមរយៈរថយន្ត
“ទេសចរណ៍អំណាន” នៅមុខសាលាខេត្តក្រចេះ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ។
ក្រុមបណ្ណាល័យចល័តតាមរយៈរថយន្ត
“ទេសចរណ៍អំណាន” ដឹកនាំ លោក អ៊ុក វ៉ាន់ដេ ជាអ្នកបង្កើតឡើងនៅក្រុមឡានទេសចរណ៍អំណាន ដែលនាំមកនូវសៀវភៅប្រមាណជាង ៥ ០០០ក្បាល ក្នុងគោលបំណងផ្ដល់ឱកាសជំរុញក៏ដូចជាលើកទឹកចិត្តដល់បងប្អូនឲ្យចូលរួមអានសៀវភៅឲ្យបានច្រើន ដើម្បីជាការបង្កើននូវចំណេះដឹងបន្ថែម ក៏ដូចជាបានសិក្សាអានស្វែងយល់ពីសៀវភៅទាំងនេះ ដោយសេរីឥតគិតថ្លៃដើម្បីជាការបណ្ដុះគំនិតថ្មីៗ ។ លោកបានជម្រាបជូនថាដំណើរចុះមកខេត្តក្រចេះ ជាខេត្តលើកទី១១ ហើយ ដោយបានចាប់ផ្ដើមពីថ្ងៃទី១៣ ខែឧសភា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់ក្រុមបណ្ណាល័យចល័ត ឬហៅថាទេសចរណ៍អំណានដើម្បីបន្តដំណើរទៅខេត្តផ្សេងៗទៀត៕