លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ

ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅទីបញ្ជាការស្រាលមជ្ឈមណ្ឌលហ្វឹកហ្វឺនអ.ហភ្នំជុំសែនរីករាយ

លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ ពិធីបិទសមយុទ្ធលើសមុទ្រ ពិធីបិទសមយុទ្ធរួមគ្នានាគមាស ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» និងការតៀមចល័តកម្លាំងសមយុទ្ធនិងគ្រឿងចក្រភាគីចិន ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ទៅមូលដ្នានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។

ពិធីបិទសមយុទ្ធលើសមុទ្រ ដែលជាផ្នែកមួយនៃសមយុទ្ធនាគមាស-ឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ នៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ខេត្តព្រះសីហនុ។

ចំពោះពិធីបិទសមយុទ្ធរួមគ្នានាគមាស ឆ្នាំ២០២៥ នឹងប្រព្រឹត្តិទៅនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីលានបាញ់គ្រាប់ពិត មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ សេនានុពន្ធ័ អនុពន្ធយោធាបរទេសប្រចាំនៅកម្ពុជា នាយទាហានជាន់ខ្ពស់កងទ័ពរំដោះប្រជាជនចិន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តដែលមានការពាក់ពន្ធ័នៅក្នុងផែនការសន្តិសុខផងដែរ។