សម្តេច ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូកម្ពុជា អញ្ចើញចូលរួមបុណ្យសព ឯកឧត្តម ជិន ឌឹក លឿង និងពិធីជូនដំណើរសពជាលើកចុងក្រោយ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបុណ្យសព ឯកឧត្តម ជិន ឌឹក លឿង (Tran Duc Luong) អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជូនដំណើរសពជាលើកចុងក្រោយ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ។ 

នៅក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ៖ ឯកឧត្តម To Lam អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ឯកឧត្តម Luong Cuong ប្រធានរដ្ឋ  ឯកឧត្តម Tran Thanh Man ប្រធានរដ្ឋសភារួមជាមួយនឹងថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ ជាច្រើនរូបទៀត ។ ជាមួយគ្នានោះក៏បានការចូលរួមពីប្រតិភូនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ លោកជំទាវ ប៉ានី យ៉ាធូទូ អនុប្រធានរដ្ឋ ផងដែរ ។

សពក៏ត្រូវដង្ហែរចេញពីទីក្រុងហាណូយ ឆ្ពោះទៅស្រុកកំណើតរបស់ឯកឧត្តម ស្ថិតនៅឃុំ Pho Khanh ទីក្រុង Duc Pho ខេត្ត Quang Ngai ប្រទេសវៀតណាម ដើម្បីធ្វើពិធីបញ្ចុះ។