ប្រធានក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ លើកទឹកចិត្តដល់អាណាព្យាបាល ឳពុក ម្តាយ ជំរុញឲ្យកូន ចៅ បានទៅសិក្សាគ្រប់ៗគ្នា កុំបោះបង់នឹងជួបការលំបាករយៈពេលយូរ តែបើសុខចិត្តទ្រាំលំបាករយៈពេលខ្លីក្នុងការសិក្សានឹងទទួលបានចំណេះដឹងជ្រៅជ្រះ គឺអាចផ្លាស់ប្តូរវាសនារបស់ខ្លួនឯងបានល្អ,

(ក្រចេះ)៖ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ២០០នាក់ក្នុងឃុំស្នូល ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានគូសបញ្ជាក់ថា ការដែលយើងជាឳពុក ម្តាយ ជាអាណាព្យាបាល មិនបានគិតគូរឲ្យបានវែងឆ្ងាយ ហើយបណ្តោយកូន ចៅ បោះបង់ការសិក្សានៅថ្នាក់កំរិតទាប នឹងធ្វើឲ្យកូនចៅរបស់យើងជួបការលំបាករយៈពេលយូរនៅពេលខាងមុខ តែបើសុខចិត្តទ្រាំលំបាករយៈពេលខ្លីក្នុងការសិក្សានឹងទទួលបានចំណេះដឹងជ្រៅជ្រះ គឺអាចផ្លាស់ប្តូរវាសនារបស់ខ្លួនឯងបានល្អ មានការងារធ្វើល្អ មានប្រាក់ខែច្រើន មានមុខមាត់ក្នុងសង្គម ហើយមានសមត្ថភាព និងលទ្ធភាពមកជួយក្រុមគ្រួសារ និងភូមិ ឃុំដែលខ្លួនបានរស់ឲ្យកាន់តែមានការរីកចម្រើន និងការអភិវឌ្ឍបន្ថែមទៀត។

ការលើកទឹករបស់ ឯកឧត្តម រដ្ឋមន្ត្រី ដល់ឳពុកម្តាយ អាណាព្យាបាលសិស្សនេះ ធ្វើឡើងក្នុងឱកាសនៃពិធីសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបតិ្តការទន្លេមេគង្គ-គង្គា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នាចំណុចអូរក្រុង នៃភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និង ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្រ្តខេត្តក្រចេះ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់

ប្រសិនបើ អាណាព្យាបាល ឪពុក ម្តាយ ដែលកំពុងជួបការលំបាកក្នុងជីវភាពរួចទៅហើយ ប៉ុន្តែបែរជាមិនប្រឹងប្រែងជំរុញឱ្យកូន ចៅរបស់ខ្លួន បន្តខិតខំប្រឹងប្រែងសិក្សាចប់ចុង ចប់ដើមនោះទេនឹងធ្វើឱ្យជីវភាពកាន់តែលំបាកនៅក្នុងរយៈពេលវែងទៅមុខទៀតជាក់ជាមិនខាន។ ឯកឧត្តម បានលើកឡើងថា “ សុខភាព ចំណេះដឹង និងសីលធម៌ សម្រាប់ការរស់នៅក្នុងសង្គម “ គឺជាតម្លៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូប។ ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីបង្កើនតំលៃនៃខ្លួនយើង និងមានអនាគតល្អ, ការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ច ដែលត្រូវបំពេញ, ការសិក្សា គឺជាផ្នែកមួយនៃជីវិតប្រកបដោយប្រាជ្ញាឈ្លាសវៃ ។

ដោយមើលឃើញពីតម្លៃនៃការសិក្សារៀនសូត្រនេះ រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្សឥ្យបានកាន់តែច្រើនបន្ថែមទៀតដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ដោយរាជរដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕