ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ៖ គម្រោងទទួលផលរហ័សសម្រាប់ការដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យនៅផ្ទះ អនុវត្តក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា គឺជាសក្ខីភាពមួយចំពោះភាពជាដៃគូជិតស្និទ្ធ និងរីកចម្រើនរវាងឥណ្ឌា និងកម្ពុជា

(ក្រចេះ) ៖ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានថ្លែងថា ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបតិ្តការទន្លេមេគង្គ-គង្គា,បងប្អូនប្រជាពលរដ្ឋឃុំស្នូល ស្រុកស្នូល ខេត្តក្រចេះ បានទទួលផលពីគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង ។
ការថ្លែងរបស់ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ធ្វើឡើងក្នុងឱកាសសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នាចំណុចអូរក្រុង នៃភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អ្នកតំណាងរាស្រ្តខេត្តក្រចេះ ។
ឯកឧត្តម Vanlalvawna Bawitlung មានប្រសាសន៍លើកឡើងថា អគ្គិសនីមិនមែនជាល្អឥតខ្ចោះទៀតទេ តែវាជាតម្រូវការមូលដ្ឋានដែលជួយអភិវឌ្ឍដល់សហគមន៍។ លទ្ធភាពទទួលបានថាមពលស្អាត និងគួរឱ្យទុកចិត្ត ធ្វើឱ្យសុខភាពប្រសើរឡើង គាំទ្រការអប់រំ ជំរុញសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព។ ដូច្នេះតាមរយៈគម្រោងនេះនឹងជួយកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈហ្វូស៊ីល និងការចំណាយថាមពលក្នុងគ្រួសារមានកំរិតទាប ហើយរួមចំណែកដល់គោលដៅនិរន្តរភាពបរិស្ថានរបស់កម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា យើងមានមោទនភាពដែលតាមរយៈ គម្រោងទទួលផលរហ័ស QIP នេះ មិនត្រឹមតែនាំមកនូវថាមពលដល់គេហដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់អនាគតដ៏ភ្លឺស្វាង និងបៃតងផងដែរ។ ថាមពលពន្លឺព្រះអាទិត្យតំណាងឱ្យទាំងការច្នៃប្រឌិត និងការរួមបញ្ចូល វាអាចទៅដល់សូម្បីតែតំបន់ដាច់ស្រយាលបំផុត ដែលថាមពលអគ្គិសនីបែបបុរាណប្រហែលជាមិនទាន់ដំឡើងនៅឡើយ។
ឯកឧត្តម Vanlalvawna Bawitlung សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មន្រ្តីក្រសួង អាជ្ញាធរមូលដ្ឋាន និងដៃគូអនុវត្តទាំងអស់ចំពោះការយកចិត្តទុកដាក់ និងការគាំទ្រក្នុងការធ្វើឱ្យគម្រោងនេះក្លាយជាការពិត។
ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបតិ្តការទន្លេមេគង្គ-គង្គា,គឺដើម្បីផ្តល់លទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំស្នួល ឱ្យបានទទួលចរន្តអគ្គិសនី ប្រើប្រាស់សម្រាប់លំនៅឋានផង និងមានប្រព័ន្ធបំភ្លឺផ្លូវសាធារណៈនៅតាមដងផ្លូវផង ដែលដំណើរការដោយថាមពលពន្លឺ ព្រះអាទិត្យ។ ទាំងនេះមិនត្រឹមតែជាការបំពេញតម្រូវការមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវិត លើកកម្ពស់ការទទួលបានព័ត៌មាន និងចំណេះដឹង ក៏ដូចជាការអភិវឌ្ឍសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕