ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជូនដំណើរ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អទស្សនាសត្វផ្សោត នៅអន្លង់កាំពី ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជូនដំណើរ ឯកឧត្តម បាវិតលុង វ៉ាន់ឡាល់វ៉ា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើមកទស្សនាសត្វផ្សោត នៅអន្លង់កាំពី ខេត្តក្រចេះ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក។
បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនប្រមាណជាង ១០០ ក្បាល ដែលរស់នៅទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ គឺជាទីកន្លែងទេសចរណ៍សត្វផ្សោតដ៏សំខាន់ ហើយមួយថ្ងៃៗ មានទេសចរជាតិ និងអន្តរជាតិបានអញ្ជើញទៅទស្សនាកម្សាន្ត ដែលផ្តល់នូវការងារនិងចំណូលជូនដល់សហគមន៍មូលដ្ឋាន។
ដូច្នេះហើយ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានបន្តចូលរួមថែរក្សាការពារនិងអភិរក្សសត្វផ្សោតនៅតាមដងទន្លេមេគង្គ ដើម្បីអភិរក្សជីវៈចម្រុះដ៏សម្បូណ៌បែប នៃទន្លេមេគង្គឱ្យបានគង់វង្ស និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋានតាមរយៈការលើកកម្ពស់ទេសចរណ៍ធម្មជាតិ បង្កើនចំណូលជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។
នៅក្នុងឱកាសទស្សនាសត្វផ្សោតនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអញ្ជើញ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ភ្លក់នូវរសជាតិក្រឡានថ្មគ្រែ ដែលជាផលិតផលមួយមានឈ្មោះល្បីក្នុងខេត្តក្រចេះ ៕