ក្រសួងសាធារណការ និង ក្រុមហ៊ុន CSCEC ចុះហត្ថលេខាលើលិខិត Letter of លើកិច្ចសហប្រតិបតិ្តការក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម

ភ្នំពេញ៖ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមជាកិត្តិយសក្នុងពិធីចុះហត្ថលេខាលើលិខិត Letter of Intent រវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុន CSCEC Strait Construction And Development Co., Ltd ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក តំណាងកំពង់ផែស្វយ័តភ្នំពេញ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រធានប្រតិភូក្រុមហ៊ុន និងសហការីផងដែរ។

ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ គោលបំណង នៃពិធីចុះហត្ថលេខាលើលិខិត Letter of Intent នេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្តុភារកម្ម រវាងភាគីទាំងពីរ និងការលើកកម្ពស់ទំហំនៃកិច្ចសហប្រតិបតិ្តការ រួមមាន៖ ការលើកម្ពស់ផ្នែកគោលនយោបាយ ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរការចុះទស្សនកិច្ច វគ្គបណ្តុះបណ្តាល និងការគាំទ្រផ្នែកសិក្សាស្រាវជ្រាវផ្សេងៗពាក់ព័ន្ធវិស័យសាធារណការ ដឹកជញ្ជូន និងឡូជីស្ទីក។

ថ្លែងនៅក្នុងឱកាសនេះ លោក. CHEN YUREN (ឈិន អ៊ីរិន) អគ្គនាយករង និងជាប្រធានប្រតិភូតំណាង ក្រុមហ៊ុន CSCEC STRAIT CONSTRUCTION AND DEVELOPMENT CO., LTD បានគូសបញ្ជាក់ថា ក្រុមហ៊ុន CSCEC STRAIT គឺជាក្រុមហ៊ុនសំណង់មួយរបស់ប្រទេសចិន កំពុងធ្វើប្រតិបត្តិការនៅកម្ពុជា និងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ។ លោកបន្ថែមថា ក្រុមហ៊ុនបានអនុវត្តន៍គម្រោងរហូតដល់ទៅ៣៥ ប្រទេស ក្នុងកិច្ចសន្យាសរុបប្រមាណជាង១.៩៥ ពាន់លានដុល្លារអាមេរិក ដែលជាប្រភេទគម្រោងសាងសង់ទៅលើប្រលានយន្តហោះ អគារពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាដើម។ អគ្គនាយករងក្រុមហ៊ុនរូបនេះបន្ថែមថា កម្ពុជាគឺជាទីផ្សារសំខាន់របស់ខ្លួន ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនតែងតែប្រកាន់ភ្ជាប់នូវគោលគំនិត ការពិគ្រោះយោបល់ ការសាងសង់ និងការចែករំលេករួមគ្នា ដែលបានចូលរួមយ៉ាងស៊ីជំរៅនៅក្នុងការងារសាងសង់ ជាការលើកកម្ពស់ និងការអភិវឌ្ឍន៍សំណង់សំខាន់ៗ មួយចំនួន ដែលផ្តល់អត្ថប្រយោជន៍សំខាន់ៗ ដល់ប្រជាជនកម្ពុជា។ 

លោក. CHEN YUREN (ឈិន អ៊ីរិន) បន្តថា តាមរយៈការផ្ទេរការងារជាមូលដ្ឋាន និងការផ្ទេរបច្ចេកវិទ្យា នៃការសាងសង់ ក្រុមហ៊ុន CSCEC STRAIT បានធ្វើការបណ្តុះបណ្តាលកម្មករជំនាញ រាប់រយនាក់នៅមូលដ្ឋានមួយចំនួន នៅក្នុងការ សម្រេចឱ្យបាននូវគោលដៅសាងសង់គម្រោង និងការផ្តល់ជាផលប្រយោជន៍ដល់ប្រជាជននៅក្នុងតំបន់ និងការពង្រឹងនូវកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅទៅលើការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃការងារសារធារណៈនៅកម្ពុជា។ 

លោក. CHEN YUREN (ឈិន អ៊ីរិន) បញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខានេះ ផ្តល់ឱកាសដ៏សំខាន់មួយ និងការផ្តល់នូវទំនុកចិត្តដល់គ្នាទៅវិញទៅមក និងស្វែងរកការអភិវឌ្ឍរួមរបស់ភាគីទាំងពីរ ។   ក្រុមហ៊ុន CSCEC STRAIT នៅក្នុងកិច្ចសហប្រតិបត្តិការនៅក្នុងការចូលរួមដល់ការងារហេដ្ឋារចនាសម្ព័ន្ធសារធារណៈ និងឧស្សាហកម្មដឹកជញ្ជូននៅកម្ពុជា ជាមួយនេះក្រុមហ៊ុននិងសង្ឃឹមថាពង្រឹងនូវការតភ្ជាប់រឹងដើម្បីកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសំរាប់ការអភិវឌ្ឍ ការតភ្ជាប់ទន់ដើម្បីជួយសំរួលដល់កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់បេះដូងដើម្បីប្រមូលផ្តុំកម្លាំង និងឯកភាព និងគម្រោងផ្សេងៗជាច្រើនទៀតដែលជាគម្រោងតំរង់ទិសទៅដល់ការអប់រំដល់ប្រជាជន និងគម្រោងបៃតងសម្រាប់កម្ពុជា ដែលជាកិច្ចសហប្របតិបត្តិការយ៉ាងយូរអង្វែង។

ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម ហេង ណន  ក្នុងនាម  ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាកិត្តិយស ក្នុងពិធីចុះហត្ថលេខាលើលិខិតចំណាប់អារម្មណ៍កិច្ចសហប្រតិបត្តិការ (Letter of Intent) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន CSCEC STRAIT CONSTRUCTION AND DEVELOPMENT CO., LTD។ ឯកឧត្តម បន្តថា   ទំនាក់ទំនងកម្ពុជា-ចិន បានរីកចម្រើនកាន់តែខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ 

ឯកឧត្តម ហេង ណន បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃការចុះហត្ថលេខា លើលិខិត Letter of Intent រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន CSCEC មាន ២ចំណុច៖(ទី១) គោលបំណងនៃកិច្ចសហប្រតិបត្តិការ គឺ ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណៈការ ដឹកជញ្ជូន និងភស្តុភារកម្ម រវាងភាគីទាំងពីរ ដោយមិនបង្កើតកាតព្វកិច្ចស្របច្បាប់ណាមួយ ហើយវាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ភាគីទាំងពីរ ក្នុងការជំរុញការយល់ដឹងគ្នាទៅវិញទៅមកដោយសុច្ឆន្ទៈ និងការពង្រឹងចំណងមិត្តភាព។

(ទី២) ទំហំនៃកិច្ចសហប្រតិបត្តិការរួម មាន៖ ២  លើកកម្ពស់គោលនយោបាយគោ ១  លើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កែលម្អកម្រិតនៃការដឹកជញ្ជូន  អភិវឌ្ឍការងារសាធារណការ និងប្រព័ន្ធឡូជីស្ទីក តាមរយៈការផ្លាស់ប្តូរមិត្តភាព និងការយល់ដឹងពីគ្នាទៅវិញទៅមក និង (៣) ផ្លាស់ប្តូរការចុះទស្សនកិច្ច វគ្គបណ្តុះបណ្តាល និងការគាំទ្រផ្នែកសិក្សាស្រាវជ្រាវលើវិស័យសាធារណការ ដឹកជញ្ជូន និងឡូជីស្ទីក។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ព្រមទាំងបន្តអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីលើកកម្ពស់ ការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕