ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាធិបតីក្នុងវិធីផ្សព្វផ្សាយស្ដីពីស្តង់ដានីតិវិធីប្រតិបត្តិការដីពីការបណ្ដុះបណ្ដាលបុគ្គលិកពិសេសកាស៊ីណូសម្រាប់ឆ្នាំ 2015.2027

នាថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូស​ម្រាប់ឆ្នាំ២​០​២​៥​​-២០២៧”  ក្រោមអធិបតីភាពរបស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក.​ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក., ឧកញ៉ា, លោក, លោកស្រី ជាប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ សរុបចំនួនប្រមាណ ៤០០ នាក់។
គោលបំណងសំខាន់នៃកម្មវិធីគឺដើម្បី ១). ពន្យល់ណែនាំអំពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះ-បណ្តាលបុគ្គលិកពិសេសកាស៊ីណូស​ម្រាប់ឆ្នាំ២​០​២​៥​​-២០២៧” ដែលជាឯកសារបង្ហាញផ្លូវពីយន្តការរ​បស់​អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់គុណវុឌ្ឍិរបស់បុគ្គលិកពិសេសកាស៊ីណូ ដល់ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ និង ២). ជំរុញឱ្យប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូយល់ដឹងពីកាតព្វកិច្ចរបស់ខ្លួនក្នុងការបញ្ជូនបុគ្គលិកដែលត្រូវស្នើសុំអាជ្ញាបណ្ណ និង/ឬស្នើសុំបន្ដសុពលភាពអាជ្ញាបណ្ណបុគ្គលិកពិសេសកាស៊ីណូ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលនិងការប្រឡងទទួលស្គាល់គុណវុឌ្ឍិ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពក្នុងការអនុវត្ដមុខងារជាបុគ្គលិកពិសេសកាស៊ីណូពីអគ្គលេខា-ធិការដ្ឋាននៃ គ.ល.ក.។
ខ្លឹមសារនៃស្ដង់ដានីតិវិធីប្រតិបត្ដិនេះ បានកំណត់អំពីប្រភេទវគ្គបណ្ដុះបណ្ដាល និងការប្រឡងទទួលស្គាល់គុណវុឌ្ឍិសម្រាប់បុគ្គលិកពិសេសកាស៊ីណូប្រភេទ “ក” និង “ខ”, របៀបវាយតម្លៃលើលទ្ធផលសិក្សា, លក្ខខណ្ឌមុន/ក្រោយទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព, ប្រភេទវិញ្ញាបនបត្របញ្ជាក់សមត្ថភាព, ការជ្រើសរើស និងការគ្រប់គ្រងការបង្រៀនរបស់គ្រូឧទ្ទេស, ការតាមដាន និងវាយតម្លៃលើវគ្គបណ្ដុះបណ្ដាល, ការរៀបចំទម្រង់បែបបទពាក់ព័ន្ធ, ការបង្កើត និងពង្រឹងកិច្ចសហប្រតិបត្ដិការជាតិអន្ដរជាតិដើម្បីគាំទ្រដល់ការរៀបចំវគ្គបណ្ដុះបណ្ដាល, និងដំណើរការការងារសង្ខេបចាប់តាំងពីមុនពេលបើកវគ្គរហូតដល់វគ្គត្រូវបានបញ្ចប់ជាស្ថាពរ។
កម្មវិធីផ្សព្វផ្សាយស្តីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្តីពីការបណ្តុះបណ្តាលបុគ្គលិពិសេសកាស៊ីណូស​ម្រាប់ ឆ្នាំ២០២៥-២០២៧” បានប្រព្រឹត្ដទៅដោយរលូន និងទទួលបានផ្លែផ្កាគាប់ប្រសើរស្របតាមកា​ររំពឹងទុក។