ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន ដែលបានអនុវត្តយ៉ាងត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួន ហើយទទួលបាននូវប្រសិទ្ធភាពការងារល្អ,

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ដំណើរការនៃអង្គសិក្ខាស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន ដែលបានធ្វើឡើងរយៈពេល ១ថ្ងៃកន្លះ នេះទទួលបានលទ្ធផលល្អ ដែលជាជំហានបន្តដើម្បីពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងព័ត៌មាន ជាពិសេសគឺការដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងថវិកា សមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឱ្យបានត្រឹមត្រូវ ។

ការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ, និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវការគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែងលះបង់កំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមគ្នាដើម្បីបុព្វហេតុគ្រប់គ្រងព័ត៌មាន និងសាធារណមតិ បានល្អ ស្របពេលដែលព័ត៌មានក្លែងក្លាយ ត្រូវបានក្រុមជនខិលខូចបង្កើតឡើងជាច្រើននៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបច្ចេកវិទ្យាសិប្បនិម្មិត (AI ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការក្ររម្លឹកដល់មន្ត្រីព័ត៌មាន បន្តរួមសហការគ្នាជាធ្លុងមួយហើយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងសសរស្តម្ភនៃដំណើរបេសកកម្មការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដែលជាកិច្ចការងារដ៏សំខាន់ក្នុងការចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីព័ត៌មាន គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពន្យល់ដល់ប្រជាពលរដ្ឋ ពីសន្តិសុខ សណ្តាប់ធ្នាប់ ដំណើរការដឹកនាំរបស់រាជរដ្ឋាភិបាល សំដៅធ្វើឱ្យសង្គមជាតិរឹងមាំ មានស្ថិរភាពពេញលេញ ហើយទិសដៅសំខាន់ គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន លើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ។
ការផ្សព្វផ្សាយព័ត៌មានបានត្រឹមត្រូវ មានប្រភពច្បាស់លាស់ គឺជានាំយកនូវគោលនយោបាយ ផែនការសកម្មភាព ច្បាប់ ពីរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ជូនទៅប្រជាពលរដ្ឋ និងនាំមកវិញនូវអ្វីដែលជាការប៉ងប្រាថ្នា និងគោលបំណងរបស់ប្រជាពលរដ្ឋមកជូនរាជរដ្ឋាភិបាលវិញ។
ដូច្នេះ ការពាំនាំនូវព័ត៌មានពិត រហ័ស និងមានទំនុកចិត្ត ជាតួនាទីសំខាន់របស់ក្រសួងព័ត៌មាន នៅក្របខ័ណ្ឌនៃតួួនាទីស្នូល ក្នុងនាមជាអំណាចទី៤ របស់រដ្ឋ។ តាមរយៈនេះ ប្រសិនបើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិទន់ជ្រាយ និងបាត់បង់ទំនុកចិត្តនោះ នឹងធ្វើឱ្យសង្គមជាតិជួបនឹងបញ្ហាជាជាច្រើននឹងកើតមានឡើងនៅក្នុងសង្គមជាតិ គឺបញ្ហាអស្ថិរភាព អសន្តិសុខ ការបាត់បង់សិទ្ធិ និងអាចបង្កជាភ្លើងសង្គ្រាមផងដែរ ។
ទាក់ទងទៅនឹងកិច្ចការងារ ការធ្វើកំណែទម្រង់ ត្រូវបាន ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ជូនថា ការធ្វើកំណែទម្រង់ទាំងអស់ គឺជាដំណើរមួយដែលត្រូវឈរលើមូលដ្ឋាន «បើសិនជាយើងមិនធ្វើកំណែទម្រង់ ៩៩ភាគរយ យើងនឹងស្លាប់ តែបើយើងធ្វើកំណែទម្រង់ ៩៩ភាគរយ គឺយើងរស់»។
ដូច្នេះហើយ ឯកឧត្តម រដ្ឋមន្ត្រី ស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន សីមតម្កល់នូវអ្វីដែលជាបេសកកម្មដ៏ពិសិដ្ឋរបស់យើង ហើយសូមឱ្យគិតថា ទោះបីនៅក្នុងតម្លៃណាក៏ដោយ យើងចាំចាច់ត្រូវបំបេញនូវបេសកកម្មនេះឱ្យបានជោគជ័យ»៕