ទឹកជំនន់ដ៏ខ្លាំងក្លានាភាគខាងកើតប្រទេសអូស្ដ្រាលីបណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង៣នាក់បាត់ខ្លួន ក្រោយពីក្រុមសង្រ្គោះជម្លៀសមនុស្ស ចេញចំនួន៣៣០នាក់

នៅថ្ងៃព្រហស្បតិ៍នេះទឹកជំនន់ដ៏ខ្លាំងបំផុតមួយបានហូរហៀរនៅតំបន់ឆ្នេរភាគខាងកើតប្រទេសអូស្ត្រាលី បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងបាត់ខ្លួនចំនួន៣នាក់នេះបើតាមការបញ្ជាក់ពីមន្រ្តីមូលដ្ឋាន ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្ដកើតឡើងក្នុងតំបន់នោះដែរ។ មិនតែប៉ុណ្ណោះមនុស្សប្រហែលជា៣៣០នាក់ ត្រូវបានគេជម្លៀសសចេញពីតំបន់ទឹកជំនន់ជាបន្ទាន់ក្នុងរដ្ឋ New South Wales ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Sydney ហើយតំបន់នេះក៏បានរងនូវភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃអង្គារមកម្ល៉េះ។ លោក Christopher Minns ជាអភិបាល New South Wales បាននិយាយថា៖ តំបន់ខ្លះត្រូវបានគេព្យាករណ៍ថានឹងទទួលរង នូវភ្លៀងធ្លាក់ខ្លាំងរហូតដល់កម្ពស់៣០សង់ទីម៉ែត្រក្នុងរយៈពេល ២៤ម៉ោងបន្ទាប់។ លោកបានបន្ថែមទៀតថា៖ ប្រជាជនប្រហែល ៥០.០០០នាក់ ត្រូវបានគេព្រមានឲ្យរៀបចំខ្លួនឲ្យ បានរួចរាល់ដើម្បីជម្លៀសខ្លួន ទៅកាន់ទីកន្លែងសុវត្តិភាពហើយលោកក៏បានបញ្ជាក់ជូនសារព័ត៌មានក្នុងតំបន់ទៀតថា៖ “យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ថានភាពអាក្រក់ដែលអាចនឹងកើតមាននាពេលខាងមុខនេះដែរ។ បើតាមការបញ្ជាក់ពីមន្រ្តីមូលដ្ឋានបានឲ្យដឹងថាសពបុរសវ័យ៦៣ឆ្នាំម្នាក់ ត្រូវបានគេរកឃើញនៅក្នុងផ្ទះដែលលិចទឹកក្នុងទីក្រុង Moto នៃរដ្ឋ New South Wales កាលពីរសៀលថ្ងៃពុធនេះ ។ រដ្ឋមន្រ្តីសេវាកម្មបន្ទាន់ លោក Jihad Dib បាននិយាយថា៖ ការសង្គ្រោះមនុស្សពីទឹកជំនន់ចំនួន៣៣០ដងត្រូវបានអនុវត្តក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ចំណែកអេឡេកូទ័រ ឬ កន្ទុំរុយ ក៏ត្រូវបានគេប្រើប្រាស់សម្រាប់សង្គ្រោះមនុស្សដែលកំពុងជាប់គាំងក្នុងទឹកជំនន់ពីលើដំបូលផ្ទះនិងរានហាលផ្ទះរបស់ពួកគេដែរ។ គួរបញ្ជាក់ផងដែរថាទឹកជំនន់នៅពេលនេះបានប៉ះពាល់ដល់សហគមន៍ជាច្រើនក្នុងតំបន់រួមមានទីក្រុង Taree, Kempsey, Port Macquarie, Coffs Harbour និង Bellingen ក្នុងរដ្ឋ New South Wales៕

សម្រួលអត្ថបទ៖​ ឡុង បញ្ញា