រដ្ឋមន្រ្តីក្រសួងការងារ ៖ គិតត្រឹម៤ខែដើមឆ្នាំនេះ ស្រ្តីជាម្ដាយជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ ទទួលផលពីកម្មវិធីរបស់រាជរដ្ឋាភិបាល

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលបានផលប្រយោជន៍ពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ខណៈខេត្តព្រះសីហនុបានចំណាយថវិកាអស់ប្រមាណ ៧,៦ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់។
នេះគឺជាការគូសបញ្ជាក់ដែលឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូនរហូតដល់កូនអាយុ ២ឆ្នាំចំនួន ១៤លើក ដោយមួយលើកទទួលបានថវិកាចំនួន ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូនចំនួន ៨០ម៉ឺនរៀល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារករួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កូនចៅបងប្អូនកម្មករនិយោជិត។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ដោយគិតត្រឹមខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ប្រមាណ ៣៣២ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ ក្នុងនោះនៅខេត្តព្រះសីហនុ បានចំណាយថវិកាអស់ប្រមាណ ៧,៦ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់បានទទួលផលពីកម្មវិធីនេះ។
គួរបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពតាមរយៈរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. បានចំនួនសរុបប្រមាណ ៦៩ម៉ឺននាក់។ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ប្រមាណ ៥០,៤ម៉ឺននាក់ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ប្រមាណ ១៨,៦ម៉ឺននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. សរុប បានកើនឡើនដល់ប្រមាណ ៣,១លាននាក់៕