ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៤ អាណត្តិទី១

នាព្រឹកថ្ងៃទី២១ ខែឧសភា គ.ស. ២០២៥, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៤ អាណត្តិទី១ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ និងលោក ដែលជាសមាជិក -សមាជិកា នៃក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖

 

របៀបវារៈទី១. សេចក្តីព្រាង “ប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការបន្ត ការផ្អាក និងការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង” របស់និយ័តករធានារ៉ាប់រងកម្ពុជា
សេចក្តីព្រាងប្រកាសនេះកំណត់អំពីលក្ខខណ្ឌនិងនីតិវិធីនៃការបន្ត ការផ្អាក និងការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដើម្បីធានាបាននូវប្រសិទ្ធភាព សុចរិតភាព និងភាពស្មោះត្រង់ ក្នុងការអនុវត្តកិច្ចសន្យាធានារ៉ាប់រងរវាងក្រុមហ៊ុនធានារ៉ាប់រង និងម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ស្របតាមមាត្រា២៤ មាត្រា២៥ និងមាត្រា២៦ នៃអនុក្រឹត្យស្តីពីការធានារ៉ាប់រង ។ ប្រកាសនេះមាន ៧ ជំពូក និង ៣៥ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះកិច្ចសន្យាធានារ៉ាប់រងទូទៅ កិច្ចសន្យាធានារ៉ាប់រងអាយុជីវិត និងកិច្ចសន្យាធានារ៉ាប់រងខ្នាតតូច ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងផ្តល់ការឯកភាពជាគោលការណ៍នៅលើសេចក្តីព្រាងប្រកាសនេះ ជាមួយនឹងការណែនាំឱ្យកែសម្រួលបន្ថែមទៅតាមអនុសាសន៍របស់អង្គប្រជុំដែលបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។

របៀបវារៈទី២. សេចក្តីព្រាង “អនុក្រឹត្យស្តីពីការធានារ៉ាប់រងភារៈទទូលខុសត្រូវយានយន្តជាកាតព្វកិច្ច” របស់និយ័តករធានារ៉ាប់រងកម្ពុជា
សេចក្តីព្រាងអនុក្រឹត្យស្តីពីការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តជាកាតព្វកិច្ចកំណត់ពីវិធាន នីតិវិធី និងនិយាមនៃការអនុវត្តការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តជាកាតព្វកិច្ច, ការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាធានារ៉ាប់រង និងមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រង ដើម្បីធានាបាននូវការការពារ និងការផ្តល់សំណងធានារ៉ាប់រងជូនតតិយជនទាំងឡាយណា ដែលទទួលរងការខូចខាតបណ្តាលមកពីសកម្មភាពនៃយានយន្តដែលមានការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តជាកាតព្វកិច្ច។ សេចក្តីព្រាងអនុក្រឹត្យនេះនឹងក្លាយជាក្របខណ្ឌគតិយុត្តដ៏រឹងមាំ សម្រាប់ធានាបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការកែសម្រួលអនុក្រឹត្យនេះទៅជា អនុក្រឹត្យដែលផ្តោតលើក្របខណ្ឌនៃយន្តការ និងវិធានរួមនៃការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តជាកាតព្វកិច្ច ព្រមទាំងការកែសម្រួលចំណុចគន្លឹះៗ ដែលអង្គប្រជុំបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងកិច្ចប្រជុំជាថ្មីម្តងទៀត នាពេលខាងមុខ។

របៀបវារៈទី៣. សេចក្តីព្រាង “ប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ” និងសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី “ទ្រព្យសកម្មមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលត្រូវបានប្រើប្រាស់ សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ” របស់និយ័តករមូលបត្រកម្ពុជា
សេចក្តីព្រាងប្រកាសនេះកំណត់អំពីលក្ខខណ្ឌ នីតិវិធីនៃការបោះផ្សាយ និងកាតព្វកិច្ចក្រោយការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ក្នុងគោលបំណងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការស្វែងរកប្រភពទុន រយៈពេលវែង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រកាសនេះមាន៧ ជំពូក និង ២៥ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធជាសាធារណៈ ការលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធជាឯកជន និងការលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិនិយោគិនគុណវុឌ្ឍិ ព្រមទាំងបុគ្គលពាក់ព័ន្ធនឹងប្រតិបត្តិការនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ, សេចក្តីព្រាង ”គោលការណ៍ណែនាំស្តីពីទ្រព្យសកម្មមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលត្រូវបានប្រើប្រាស់ សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ” ត្រូវបានរៀបចំឡើងដើម្បីសម្រួលនិងពន្យល់បន្ថែមពីការអនុវត្ត ចំពោះប្រភេទទ្រព្យសកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្តីព្រាងប្រកាស និងសេចក្តីព្រាងគោលការណ៍ណែនាំ ជាមួយនឹងការណែនាំ ឱ្យមានការកែសម្រួលបន្ថែមតាមស្មារតីអង្គប្រជុំបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។