ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ នៅវិមានរដ្ឋសភា

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជាអធិបតី ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្តីពី លទ្ធផលនៃការងារការបរទេសរបស់កម្ពុជា និងសភាពការណ៍អន្តរជាតិ នៅវិមានរដ្ឋសភា នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងបិទសិក្ខាសាលា ឯកឧត្តម អ៊ុច បូររិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះបទបង្ហាញ របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលពោរពេញដោយអត្ថន័យ និងគ្រប់ជ្រុងជ្រោយស្តីពីគោលនយោបាយការបរទេស នៃព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញយ៉ាងច្បាស់នូវចក្ខុវិស័យដ៏ឆ្លាតវៃក្នុងការឆ្លើយតប ទៅនឹងបរិបទតំបន់ និងអន្តរជាតិដែលកំពុងផ្លាស់ប្តូរយ៉ាងស្មុគស្មាញ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងសភា និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័នទាំងបី ដែលជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តគោលនយោ បាយការបរទេស។ ភាពជាដៃគូរវាងស្ថាប័ននេះ មិនត្រឹមតែមានលក្ខណៈជាមុខងារប៉ុណ្ណោះទេ តែមានលក្ខណៈជាយុទ្ធសាស្ត្រ ដែលបានរួមចំណែកដល់ការពង្រឹងភាពជឿជាក់ គណនេយ្យភាព និងឯកភាពនៅក្នុងការប្តេជ្ញាចិត្តអន្តរជាតិរបស់កម្ពុជា។ កិច្ចសហប្រតិបត្តិការរួមគ្នារវាងស្ថាប័នទាំងបី និងបង្កើតរណសិរ្សរួមការពារផលប្រយោជន៍ជាតិ ទន្ទឹមនឹងការ លើកតម្កើងតម្លៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។លទ្ធផលជាក់ស្តែងនៃភាពជាដៃគូនេះត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ នៅក្នុងអំឡុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកាឆ្នាំមុន ដែលនៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់មេដាយសន្តិភាព ដើម្បីប្រជាជន និងភពផែនដី។ កិត្តិយសអន្តរជាតិ ដ៏វិសេសវិសាលនេះ ជាការទទួលស្គាល់ចំពោះការដឹកនាំជាប្រវត្តិសាស្ត្ររបស់សម្តេច ក្នុងការ បញ្ចប់ជម្លោះដោយមិនប្រើកម្លាំង តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ និងការប្តេជ្ញា ធ្វើពលីកម្មរបស់សម្តេច ដើម្បីសន្តិភាព ការផ្សះផ្សាជាតិ និងការអភិវឌ្ឍប្រទេស។

បន្ថែមលើនេះ ប្រធានាធិបតីនៃប្រទេសទីម័រខាងកើតបានប្រគល់គ្រឿងឥស្សរិយយសជាតិខ្ពស់បំផុតរបស់ប្រទេសជូនដល់សម្តេចតេជោ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ទីក្រុងឌីលី។ ទាំងនេះមិនមែនគ្រាន់តែជាការកោតសរសើរជាឯកជនប៉ុណ្ណោះទេ តែជានិមិត្តរូបនៃឥទ្ធិពលការទូតដែលកំពុងកើនឡើងរបស់កម្ពុជាលើមូលដ្ឋានគ្រឹះនៃសន្តិភាព ការសន្ទនា និងការចូលរួមផ្អែកលើគោល ការណ៍ និងលើច្បាប់។ ការណ៍នេះក៏បានឆ្លុះបញ្ចាំង ឱ្យឃើញផងដែរ ពីភាពជោគជ័យនៃ “ការទូតសភា” ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបំពេញបន្ថែមលើការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជា។ ឯកឧត្តម អ៊ុច បូររិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងវេទិកាអន្តរជាតិ ដូចជា សហភាពអន្តរសភា (IPU) សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងវេទិកាអន្តរសភាក្នុងតំបន់ និង ពិភពលោកផ្សេងទៀត សមាជិក និងសមាជិការសភាកម្ពុជាបានរួមចំណែកដោយផ្ទាល់ ដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព។ វេទិកាទាំងនេះបានផ្តល់ជាវេទិកាដ៏មានតម្លៃសម្រាប់សំឡេងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ស្ថាបនាចំណងមិត្ត ភាពទ្វេភាគី និងពហុភាគី និងការគាំទ្រដល់គោលដៅគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល តាមរយៈការចូលរួមរបស់សភា។ ព្រឹត្តិការណ៍អស់ទាំងនេះមិនត្រឹមតែលើកកម្ពស់ទម្រង់អន្តរជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវឱកាសពិសេស ក្នុងការសម្របសម្រួលកិច្ចសន្ទនាសភាជាមួយនឹងភាពចាំបាច់នៃគោលនយោបាយការបរទេស ជាពិសេសក្នុងវិស័យកសាងសន្តិភាព បច្ចេកវិទ្យា និរន្តរភាពបរិ ស្ថាន និងកិច្ចសហប្រតិបត្តិការ ខាងត្បូង-ខាងត្បូង៕