ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីលទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៥ – ២០២៨

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើបទបង្ហាញស្តីពីលទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៥ – ២០២៨ នៅក្នុងឱកាសនៃដំណើរការអង្គសិក្ខាសាលាស្តីពី “ការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន រយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

ឯកឧត្តម ប្រាក់ ថាវអមិដា បានលើកបង្ហាញពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពលើយន្តការ ផ្សព្វផ្សាយក្នុងបរិបទនៃការវិវត្តសង្គម និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ក្រសួងព័ត៌មានបានកំណត់នូវ ចក្ខុវិស័យតម្រង់ទិស និងប្រែក្លាយក្រសួងជា «ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល» ដើម្បីគ្រប់គ្រងលំហព័ត៌មាន និងសហការធានាសន្តិសុខព័ត៌មាន៕