ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថ្កោលទោសសហរដ្ឋអាមេរិកចំពោះការបំពានលើសិទ្ធិគ្រប់គ្រងនៃការនាំចេញទៅលើផលិតផលឈីបរបស់ចិនដោយអំពាវនាវឲ្យសហរដ្ឋអាមេរិកកែសម្រួលអ្វីដែលខ្លួនកំពុងធ្វើភ្លាមៗនិងបញ្ឈប់វិធានការរើសអើងប្រឆាំងនឹងចិនថែមទៀតផង។ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថាសហរដ្ឋអាមេរិកបានបំពាននិងគ្រប់គ្រងការនាំចេញផលិតផលបន្ទះឈីបរបស់ខ្លួនហើយក៏បានដាក់កម្រិតយ៉ាងតឹងរ៉ឹងលើផលិតផលបន្ទះឈីបរបស់ចិន ដោយផ្អែកលើការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។ អ្នកនាំពាក្យបានបន្ថែមទៀតថាសកម្មភាពរបស់សហរដ្ឋអាមេរិកបានរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនហើយក៏អាចបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនិងស្ថិរភាពនៃឧស្សាហកម្មក៏ដូចជាខ្សែផ្គត់ផ្គង់ឈីបនឹងរំខានដល់ការច្នៃប្រឌិតបច្ចេកវិទ្យាជាសកល។ មិនតែប៉ុណ្ណោះអ្នកនាំពាក្យបានអំពាវនាវឲ្យសហរដ្ឋអាមេរិកសហការជាមួយប្រទេសចិនដើម្បីថែរក្សាកិច្ជព្រមព្រៀងដែលបានសម្រេចក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងសឺណែវនឹងចូលរួមលើកកម្ពស់ការកសាងទំនាក់ទំនងសេដ្ឋកិច្ច គិតដល់អត្ថប្រយោជន៍រួម និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយនិរន្តរភាព ។ បន្ថែមពីនេះទៅទៀតអ្នកនាំពាក្យរបស់ចិនបានព្រមានថា៖ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តបង្កអោយមានការខូចខាតយ៉ាងខ្លាំងដល់ចិន នោះចិននឹងអនុវត្តវិធានការយ៉ាងតឹងរឹង ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនដែរ។
សម្រួលអត្ថបទ៖ ឡុង បញ្ញា