បុរសម្នាក់ត្រូវតុលាការអង់គ្លេសកាត់ទោសឲ្យជាពន្ធនាគារពីបទសម្របសម្រួលទាញយកប្រយោជន៍ពីចោរលួចបង្គន់មាសសុទ្ធ១៨ការ៉ាត់ តម្លៃ៦.៤លានដុល្លារអាម៉េរិក

បុរសម្នាក់ព្យាយាមសម្របសម្រួលជួយក្រុមចោរឲ្យចូលលួចបង្គន់មាសមួយដែលមានតម្លៃ៤.៧៤លានផោន ស្មើនឹង៦.៤លានដុល្លារអាម៉េរិក ត្រូវបានគេចាប់ឃុំក្នុងពន្ធនាគារហើយកាលពីថ្ងៃច័ន្ទនេះ បន្ទាប់ពីអង្គចៅក្រមអង់គ្លេសសម្រេចថារូបគេមានចេតនាទាញយកប្រយោជន៍ពីចោរលួចបង្គន់មាសនោះ។ Frederick Doe អាយុ៣៧ឆ្នាំ ឬ ឈ្មោះថា Frederick Sines ត្រូវបានកាត់ទោសនៅតុលាការ Oxford Crown សម្រាប់ភារកិច្ចសម្របសម្រួលជួយដល់សកម្មភាពលួចនិងលក់បង្គន់មាសសុទ្ធ១៨ការ៉ាត់ កាលពីឆ្នាំ ២០១៩ ពីវិមាន Blenheim ដែលជាវិមានមួយក្នុងប្រទេសដែលមានមេដឹកនាំសម័យសង្គ្រាមអង់គ្លេស Winston Churchill ចាប់កំណើត។ ចៅក្រម I an Pringle បានបញ្ជាក់ថាជនជាប់ចោទ Frederick Doe គឺជាអ្នកដែលទទួលខុសត្រូវចំពោះសកម្មភាពលួច រៀបផែនការ បន្លំយ៉ាងម៉ត់ចត់ជាមួយនឹងបុគ្គល៥នាក់ផ្សេងទៀត ដែលត្រូវបានគេមើលឃើញនៅលើកាមេរ៉ាសុវត្ថិភាព CCTV ដែលបង្ហាញពីចេតនាយ៉ាងច្បាស់ក្រលែត ដើម្បីទទួលបានផលចំណេញពីសកម្មភាពលួចនេះយ៉ាងឆាប់រហ័សដែរ ដោយរូបគេក៏បានយល់ស្របថាបានជួយជ្រោមជ្រែងលើការងារខុសច្បាប់នេះដែរ។ បង្គន់មាសនេះគឺជាផ្នែកមួយនៃការដំឡើងសិល្បៈបែបចំអកឡកឡឺយដែលមានចំណងជើងថា “America” ដោយគំនិតវិចិត្រករជនជាតិអ៊ីតាលី Maurizio Cattelan ដែលមានគោលបំណងលេងសើចជាមួយនឹងទ្រព្យសម្បត្តិច្រើនហួសហេតុ។ បង្គន់មាននេះមានទម្ងន់ជាង ២១៥ ផោន ស្មើនឹង ៩៨គីឡូក្រាម។ តម្លៃមាសនៅពេលនោះគឺ ២.៨លានផោន ហើយវាត្រូវបានគេធានាតម្លៃតាមរយៈកាលជិត៥លានផោន។ ស្នាដៃលើបង្គន់មាសនេះធ្លាប់ដាក់តាំងបង្ហាញនៅសារមន្ទីរ Guggenheim ក្នុងទីក្រុងញូវយ៉ក ដែលពួកគេមានចេតនាប្រៀបធៀបទៅនឹងការងាររបស់ប្រធានាធិបតីអាមេរិក Donald Trump អំឡុងអាណត្តិដំបូងរបស់លោកដែរ និងបន្ទាប់ពីលោកបានសុំខ្ចីគំនូរ Van Gogh រួចហើយ ។ ចោរលួចបង្គន់មាសនេះ មិនបានរកឃើញភ្លាមៗទេ ប៉ុន្តែគេជឿជាក់ថាវាត្រូវបានគេកាប់សាច់លក់បណ្តាលឱ្យខូចខាតទំហំដើមជាច្រើនទម្រង់ សម្រាប់ចំនួនទ្រព្យសម្បត្តិនៅសតវត្សរ៍ទី១៨ ដែលសម័យកាលនោះវាក៏ជាបេតិកភណ្ឌពិភពលោកមួយរបស់អង្គការយូណេស្កូដែលពោរពេញទៅដោយសិល្បៈ និងគ្រឿងសង្ហារឹមដ៏មានតម្លៃ ដែលទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ ក្នុងចំណោមក្រុមដែលវាយបំបែកបង្អួចចូលក្នុងវិមាននេះគឺនៅមុនព្រឹកព្រលឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ មានតែ២នាក់ប៉ុណ្ណោះត្រូវបានគេចោទប្រកាន់ និងផ្ដន្ទាទោស។ ម្នាក់ឈ្មោះ James Sheen អាយុ៤០ឆ្នាំ ដោយពីមុនរូបគេបានសារភាពថាមានកំហុសពីបទលួច ឃុបឃិត និងផ្ទេរទ្រព្យសម្បត្តិឧក្រិដ្ឋកម្ម។ ម្នាក់ទៀតឈ្មោះ Michael Jones អាយុ ៣៩ឆ្នាំត្រូវបានកាត់ទោសពីបទលួចដោយផ្ទាល់ នៅក្នុងសវនាការខណៈដែល Frederick ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។ ហើយ Sheen និង Jones នឹងត្រូវកាត់ទោសនៅថ្ងៃទី ១៣ ខែមិថុនាខាងមុខនេះ។ ពេលចេញពីតុលាការនិងត្រៀមចូលក្នុងពន្ធនាគារ Frederick Doe បានលើកដៃឡើងលើ ដោយស្រែកថាខ្ញុំជាមនុស្សល្អ ប៉ុន្តែខ្ញុំបែរជាត្រូវជាប់ឃុំក្នុងរឿងមួយនេះដែលខ្ញុំមិនបានប្រព្រឹត្តិវាទៅវិញ….៕
សម្រួលអត្ថបទ៖ សុផារិន្ទ