ឯកឧត្តម ឈិន កេតនា ÷ ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នឹងប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍ថា ÷ ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីបរិស្ថានជាតិ និងបរិស្ថានពិភពលោក កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈកម្មា ធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាអង្គប្រជុំ ទាំងអស់ ដែលបានអញ្ជើញចូលរួមប្រជុំ តាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងបានជម្រាបជូនជ្រាបអំពីខ្លឹមសារនៃលិខិតរបស់ក្រសួងបរិស្ថាន និងកិច្ចការចាំបាច់ដែលត្រូវត្រៀមរៀបចំឱ្យ បានល្អ។
បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំបានឯកភាពសម្រេចកំណត់បែងចែកភារកិច្ចជូន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីសម្រាប់អនុវត្តឲ្យទទួលបានជោគជ័យបំផុត។
ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធនានា ត្រូវអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ធ្វើយ៉ាងណាឱ្យព្រះរាជពិធីប្រព្រឹត្តទៅប្រកបដោយជោគជ័យ។
មុននឹងបញ្ចប់ ឯកឧត្តម ប្រធានអង្គប្រជុំ បានសំណូមពរដល់សមាជិក សមាជិកាអង្គប្រជុំទាំងអស់អញ្ជើញត្រឡប់ទៅវិញរាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរាជធានីភ្នំពេញ បានជ្រាប និងអនុវត្តតាមស្មារតីអង្គប្រជុំឲ្យទទួលបានលទ្ធផលល្អប្រសើរ។