ឯកឧត្តម នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាន បានដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានជំនាញច្បាស់លាស់លើវិស័យព័ត៌មាន ដើរទន្ទឹមការរីកចម្រើននៃបច្ចេកវិទ្យា ដើម្បីធានាប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋាន ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការដាក់ចេញផែនការក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានជំនាញច្បាស់លាស់នៅក្នុងវិស័យព័ត៌មាន គឺដើម្បីឆ្លើយតបតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ក្នុងការធានាប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា, ខណៈនៅឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបានដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សចំនួនជាង ៨០វគ្គ ដើម្បីដើរឱ្យស្របជាមួយនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា ការវិវឌ្ឍនៃសង្គម និងតម្រូវការធនធានមនុស្សជំនាញក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា កិច្ចការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវិស័យព័ត៌មាន គឺធ្វើឡើងដើម្បីឆ្ពោះទៅពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍមូលធនមនុស្សដែលក្រសួងព័ត៌មាន បាននឹងកំពុងអនុវត្តមិនត្រឹមតែជួយជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការឲ្យស្របតាមការវិវត្តនៃសង្គមជាតិ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ហើយវាក៏ជាការរៀបចំនូវកម្លាំងបន្តវេនប្រកបដោយបុរេសកម្ម សកម្ម និងធានាបាននូវប្រសិទ្ធភាពការងារផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ពី មុខងារស្នូលដែលក្រសួងព័ត៌មាន មានភារកិច្ចដឹកនាំគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ហើយចំពោះមុខងារគាំទ្រ ក្រសួងព័ត៌មាន គឺជួយគាំទ្រទៅលើស្ថាប័នដទៃទៀត។ ដូច្នេះ ដើម្បីពង្រឹងតួនាទីរបស់ក្រសួងព័ត៌មាន ដែលជាអ្នកផ្តល់ការគាំទ្រទៅលើក្រសួង ស្ថាប័នដទៃនោះ គឺត្រូវចាប់ផ្តើមដំបូងពីការពង្រឹងសមត្ថភាពរបស់មន្ត្រីរបស់ខ្លួនឯងជាមុនសិនតាមរយៈការបណ្តុះបណ្តាលអោយកាន់តែមានសមត្ថភាពបន្ថែមទៀត ទៅលើការអនុវត្តកិច្ចការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធិភាព ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងព័ត៌មាន ឱ្យបានយល់ច្បាស់កាន់តែថា «ការធ្វើព័ត៌មាន មិនមែនត្រឹមតែធ្វើព័ត៌មានឱ្យតែបាននោះទេ មិនមែនទៅយកព័ត៌មានផ្សព្វផ្សាយ ហើយសរសេរព័ត៌មានត្រឹមតែឃើញនោះទេ ក៏ប៉ុន្តែ ការសរសេរព័ត៌មានគឺចាំបាច់ណាស់ដែលត្រូវដាក់ជាសំណួរថាតើយើងសរសេរព័ត៌មានដើម្បីអ្វី? តើមានគោលបំណងអ្វី? តើមានផលប្រយោជន៍អ្វីសម្រាប់អ្នកអាន អ្នកស្តាប់របស់យើង? អ្វីដែលសំខាន់ទៀតនោះ នៅពេលដែលយើងផ្សាយចេញទៅវាមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះនៅក្នុងការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិរបស់យើង»។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា នៅក្នុងពេលបច្ចុប្បន្ននេះ ពេលដែលប្រព័ន្ធទំនាក់ទំនងសង្គមកំពុងរីកចម្រើន ចិត្តគំនិតរបស់ប្រជាជន មានការផ្លាស់ប្តូរទៅតាមពេលវេលា តាមប្រធានបទ និងទៅតាមបរិបទដែលកើតឡើង។ ដូច្នេះ ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ត្រូវផ្សាយព័ត៌មានពិត ត្រឹមត្រូវជូនទៅដល់ប្រជាពលរដ្ឋ ដើម្បីគិតពិចារណា និងការទទួលយកការយល់ដឹងជុំវិញបញ្ហាដែលកើតមានឡើង ដើម្បីកុំឱ្យប្រជាជនចាញ់បោកតាមរយៈការផ្សាយព័ត៌មានដែលមិនត្រឹមត្រូវពាក់ព័ន្ធជាមួយប្រទេសជាតិ និងបញ្ហាដទៃផ្សេងទៀតជាច្រើន៕