នៅចំពោះមុខថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលឹកឡើងវិញនូវ “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ “ និង ផែនការសកម្មភាពស្តីពីការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៥-២០២៨”

( ភ្នំពេញ )៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន បានបោះជំហានចេញពីផែនការសកម្មភាព មកជាការអនុវត្តផ្ទាល់ នោះបានចាប់ផ្តើមពីឯកសារសំខាន់ៗចំនួនពីរដែលក្រសួងបានចេញ ទី១, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ និងផែនការសកម្មភាពស្តីពីការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៥-២០២៨” ដែលឈរលើមូលដ្ឋាននៃផែនការយុទ្ធសាស្រ្ត មានន័យថាជាផែនទីបង្ហាញផ្លូវសម្រាប់ឲ្យក្រសួងព័ត៌មាន បំពេញឲ្យបានល្អរហូតដល់ឆ្នាំ២០២៨ ដើម្បីធ្វើការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍បានកាន់តែរីកចម្រើនបន្ថែមទៀត។

ការថ្លែងរបស់ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើក វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្នាក់មូលដ្ឋានលើកដំបូង ដល់មន្ត្រីរាជការរបស់ក្រសួងព័ត៌មាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំឡើងដោយគណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នាមណ្ឌលបណ្តុះបណ្តាល និង វិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រី បានរំលឹកឡើងវិញថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានធ្វើផ្សព្វផ្សាយឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដើម្បីអនុវត្ត និងសម្រេចឱ្យបានចក្ខុវិស័យក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។

ឯកឧត្តម បានគូសបញ្ជាក់ថា ឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងព័ត៌មាន គឺជាផែនការសម្រាប់រយៈពេល៥ឆ្នាំ ដែលត្រូវបានរៀបចំដើម្បីចូលរួមលើកកម្ពស់ការដ្ឋានកំណែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងគោលបំណងជំរុញការកសាង និងអភិវឌ្ឍធនធានមនុស្ស រក្សានូវសណ្តាប់ធ្នាប់សារព័ត៌មាន បង្កើនគុណភាពមាតិកា ខ្លឹមសារ និងការផលិត ។

ចំពោះផែនការសកម្មភាពស្តីពីការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ឆ្នាំ២០២៥-២០២៨ គឺមានវិសាលភាពសម្រាប់អនុវត្តចំពោះមន្ត្រីរាជការក្រសួងព័ត៌មាន ដោយផ្តោតលើការបណ្តុះបណ្តាលកម្រិតជំនាញវិជ្ជាជីវៈថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍសមត្ថភាពមន្ត្រី។

គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍របស់ក្រសួងព័ត៌មាន ត្រូវបានបង្កើតដើម្បីដឹកនាំ និងតម្រង់ទិសដល់ការ សិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ ព្រមទាំងវិភាគ ផ្តល់យោបល់ និងផ្តល់ទស្សនាទានលើបញ្ហាប្រឈម និងឱកាសផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច សង្គម និងនយោបាយ ដើម្បីពង្រីកសក្តានុភាព តាមរយៈការរៀបចំកម្មវិធី/សកម្មភាពឆ្លើយតបនឹងតម្រូវការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។

តាមរយៈផែនការយុទ្ធសាស្ត្រនេះ ក្រសួងព័ត៌មាន រំពឹងថានឹងសម្រេចបាននូវទិសដៅជាយុទ្ធសាស្ត្រចំនួន៥គឺទី១៖ កំណែទម្រង់ការគ្រប់គ្រង និងដំណើរការការងាររដ្ឋបាលដើម្បីធានានូវប្រសិទ្ធភាព និងគុណភាពការងារ, ទី២៖ ការកំណត់បទដ្ឋានច្បាប់/ គតិយុត្ត និងបទដ្ឋានបច្ចេកទេសព្រមទាំងប្រព័ន្ធវាយតម្លៃការងារ, ទី៣៖ ការកសាង និងអភិវឌ្ឍសមត្ថភាពជំនាញគ្រប់គ្រងដឹកនាំ និងជំនាញបច្ចេកទេស, ទី៤៖ ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដោយផ្អែកលើមូលដ្ឋាននៃការផ្ដល់ព័ត៌មានទូលំទូលាយ និងទាន់សភាពការណ៍ប្រកបដោយគុណភាព និងសុវត្ថិភាព និងទី៥៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីដើម្បីផលប្រយោជន៍រួម៕