បេក្ខជនចំនួន ៥០៧អង្គ/នាក់ ចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី វិញ្ញាសាសរសេរលើកទី១

នារសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី វិញ្ញាសាសរសេរលើកទី១ ដែលមានបេក្ខជនចំនួន ៥០៧អង្គ/នាក់ ក្នុងនោះស្រី ១៧៣នាក់ និងជនពិការចំនួន ៦នាក់ផងដែរបានចូលរួមការប្រឡងប្រជែងនេះ។ ក្នុងនោះការប្រឡងប្រជែងនេះជ្រើសរើសយក ១៥នាក់ តែប៉ុណ្ណោះ ដែលប្រព្រឹត្តទៅនៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។ ដែលមានការអញ្ជើញជាអធិបតី ក្នុងការកាត់វិញ្ញាសារដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេត ការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា។

សម្រាប់បេក្ខជនមកចូលរួមការប្រឡងប្រជែងនារសៀលនេះ ត្រូវឆ្លងកាត់វិញ្ញាសាសាពហុចម្លើយ ១.លើភាសាបរទេស (អង់គ្លេស ឬបារាំង) និង ២.លើចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្រ្ត ភូមិសាស្រ្តកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និងចំណេះដឹងពាក់ព័ន្ធនឹងជំនាញ/ឯកទេស។

ជាមួយគ្នានេះ សម្រាប់ការប្រឡងនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំតាក់តែងវិញ្ញាសានៅពេលព្រឹកនៃថ្ងៃប្រឡង ហើយការប្រឡងនឹងចាប់ផ្ដើមពេលរសៀល សំដៅធ្វើយ៉ាងណាធានាមិនឱ្យមានការ បែកធ្លាយវិញ្ញាសា។ ការតាក់តែងវិញ្ញាសា តូ្រវបានចែកចេញជា ៣ជំនាញ មាននីតិសាធារណៈ នីតិឯកជន និងនីតិអន្ដរជាតិ ដោយ សាស្រ្តាចារ្យ ១៨រូបមកពីសាកលវិទ្យាល័យនានា និងស្ថាប័នពាក់ព័ន្ធ ហើយត្រូវស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាលពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង។

ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការប្រឡងប្រជែងនាពេលនេះបានអនុវត្តតាមគោលការច្បាប់នៃនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ី របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយត្រូវឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និង ស្របតាមចក្ខុវិស័យនិងអភិក្រមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្យកម្ពុជា «ចេះគីជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

សូមបញ្ជាក់ថាក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យ តំណាងមហាជន អ្នកសារព័ត៌មាន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។

សូមជម្រាបជូនថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី បេក្ខជនត្រូវឆ្លងកាត់ការប្រឡងចំនួន ២ដំណាក់កាល។ សម្រាប់បេក្ខជនដែលនឹងជាប់លើវិញ្ញាសាលើកទី១នេះ នឹងត្រូវបន្តប្រឡងវិញ្ញាសាសរសេរលើកទី២ នាថ្ងៃទី២៥ ខែឧសភាខាងមុខនេះ៕