មូលនិធិគន្ធបុប្ផាកម្ពុជា ៖ ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលផ្ទាល់ខ្លួនរបស់ លោក ទីវ តារារិទ្ធ ក្នុងរយៈពេល ១១ខែ កន្លងមកនេះ ជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់ទារក និងកុមារទាំងអស់នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង, បេសកកម្មដ៏មានតម្លៃនេះពិតជាបានចូលរួមផ្សព្វផ្សាយ និងបានធ្វើឱ្យប្រទេសនានាក្នុងពិភពលោកបានស្គាល់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្បាស់ក្នុងសម័យសន្តិភាព

ការថ្លែងនូវការដឹងគុណនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប»ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ពីការជិះកង់ផ្សងព្រេងរបស់យុវជន ទីវ តារារិទ្ធិ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។
ជាថ្មីម្តងទៀត ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអាននូវលិខិតរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងទៅកាន់ប្រទេសនានាក្នុងទ្វីបអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការកៀរគរថវិកាសប្បុរសធម៌ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
តាមរយៈការជិះកង់ផ្សងព្រេងរបស់លោក ទីវ តារារិទ្ធ ក៏បានទាក់ទាញនូវចំណាប់អារម្មណ៍ និងការចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិជាតិ និងផ្លូវការតែមួយគត់ បង្កើតឡើងដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមគាំទ្រចំពោះការបន្ត និងពង្រីកបេសកកម្មរបស់ លោក ក្នុងការជិះកង់ផ្សងព្រេងតែម្នាក់ឯង ទៅកាន់ប្រទេសនានាក្នុងទ្វីបអាហ្រ្វិកបន្តទៀត។
ជាថ្មីម្តងទៀត, មូលនិធិគន្ធបុប្ផាកម្ពុជាសូមជូនពរ លោក ទីវ តារារិទ្ធ ឱ្យទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងជាពិសេសក្នុងអំឡុងបំពេញបេសកកម្ម ដើម្បីទារក និងកុមារនៅកម្ពុជា។
គួររំលឹកដែរថា រយៈពេល ២៩៥ថ្ងៃត្រូវធ្វើដំណើរដោយការជិះកង់ផ្សងព្រេង របស់យុវជនកម្ពុជា ទីវ តារារិទ្ធិ បានឆ្លងកាត់ ១២ប្រទេស ក្នុងរយៈចម្ងាយផ្លូវប្រមាណ ២មុឺនគឺឡូម៉ែត្រ ដើម្បីប្រមូលថវិកាពីសប្បុរជនបានចំនួនប្រមាណជាង ១១មុឺន ដុល្លារអាមេរិក នៅក្នុងជំហានទី១ ដែលក្នុងគោលដៅរៃអង្គាសថវិកាឲ្យបានចំនួន ២៥មុឺនដុល្លារអាមេរិក សម្រាប់ជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ៕