ទិវាជាតិនៃការចងចាំ នឹងត្រូវប្រារព្វ ឡើង នាថ្ងៃទី២០ ខែឧសភា ខាងមុខនេះ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក 

ទិវាជាតិនៃការចងចាំ នឹងត្រូវប្រារព្វធ្វើឡើងដូចរៀងរាល់ឆ្នាំ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិប

តីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ខណៈឆ្នាំនេះ អ្វីកាន់តែប្លែកនោះ គឺ ទិវាជាតិនៃការចងចាំ និងត្រូវប្រារព្វធ្វើឡើង ក្នុងកម្រិតមួយធំ និងអធឹកអធ័មជាងឆ្នាំមុនៗ។

  នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម កើត ឆែ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំពិភាក្សា លើកទី៣ ជុំវិញការរៀបចំទិវាចងចាំ ២០ ឧសភា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ បើតាមគម្រោងសំរាប់ឆ្នាំ២០២៥នេះ ការប្រារព្វទិវាចងចាំ ២០ ឧសភា នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឬ តំណាងសម្តេចបវរធិបតី ។ ប៉ុន្តែជាលទ្ធផលចុងក្រោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ការប្រារព្វទិវាជាតិនៃការចងចាំនេះ មកឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកចាត់ចែងនិងរៀបចំវិញ នោះគឺ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាអធិបតីភាពដូចដែលយើងធ្វើឡើងរាល់ឆ្នាំ គ្រាន់តែការប្រារព្វ ទិវាធ្វើឡើងក្នុងកម្រិតមួយធំជាងនិងអធឹកអធ័មជាងឆ្នាំមុនៗ។ អ្វីដែលខុសពីបណ្តាឆ្នាំមុនៗទៀតនោះ គឺ ឯកឧត្ដម ឃួង ស្រេង នឹងត្រូវអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្វទិវាជាតិនៃការចងចាំ២០ឧសភានេះ។ ចំណែកការរៀបចំឈុតឆាកសម្តែងនិងការរៀបចំតាមបែបសាសនា គឺនៅរក្សាដូចបណ្តាឆ្នាំមុនៗដដែរ។

គួរបញ្ជាក់ថា៖ ការប្រារព្វទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា ធ្វើឡើងដើម្បីរំលឹកឱ្យក្មេងជំនន់ក្រោយបានដឹងនិងយល់ឱ្យបានច្បាស់ពីរបបដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់និងដើម្បីរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់នៅកម្ពុជា ពិសេសគឺការពារឱ្យបាននូវរបបដ៏សាហាវយង់ឃ្នងនេះ កុំឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត៕