សប្បុរសជន បន្តនាំយកថវិកាជូនដល់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥  ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួល អំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅទីស្នាក់ការសាខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនក្នុងខេត្ត និងនៅក្រៅខេត្ត ដែលបានចូលរួមបរិច្ចាគថវិកា និងសម្ភារៈប្រគល់ជូនសាខាកាកបាទក្រហមខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សូមបញ្ជាក់ថា នេះជាការទទួលថវិកាពីសប្បុរសជនចំនួនពីរលើក គឺនៅថ្ងៃទី១២ និង១៣ ខែឧសភា ឆ្នាំ២០២៥នេះ ទទួលបានប្រាក់រៀលចំនួន ១៨៩,៨០៣ ,៧០០រៀល និងប្រាក់ដុល្លា ៣០៤,៧៥០ដុល្លាអាមេរិក៕